(ស្វាយរៀង)៖ លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងប្រគល់អាល់កុល ខិតបណ្ណអប់រំផ្សេព្វផ្សាយ បដាអប់រំផ្សេព្វផ្សាយម៉ាស់ និងសាប៊ូដុំលាងដៃ ជូនអនុសាខា ក្រុង/ស្រុកទាំង៨ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ អប់រំ អនាម័យ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិឃុំនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ហៅ ចន្ទ័សិរីទេពី ចៅ ភិរុណ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្តីពីវិធានការការពារ និងរក្សាអនាម័យ។

លោកស្រីបានថ្លែងជំរុញដល់មន្ត្រី បុគ្គលិកសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩នេះ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនដល់អនុសាខាទាំង៨ ក្នុង ១អនុសាខាទទួលបាន៖ អាល់កុល ១៥លីត្រ ខិតបណ្ណអប់រំផ្សេព្វផ្សាយ ២០សន្លឹក បដាអប់រំផ្សេព្វផ្សាយ ១ផ្ទាំង ម៉ាស់២០០ សាប៊ូដុំលាងដៃ ២០ដុំ។ លោកស្រីបានឧបត្ថម្ភថវិកាបន្ថែមដល់មន្ត្រីអនុសាខាចំនួន ១៣នាក់ ក្នុងម្នាក់ថវិកា ១០០,០០០រៀល៕