(ភ្នំពេញ)៖ វិបត្តិកើតចេញពីការរីករាលដាលនៃជំងឺកូវីដ១៩ បាននិងកំពុងបង្កឱ្យមានវិវាទកម្មនៅតាមគ្រឹះស្ថានអប់រំឯកជននានា ជាមួយអាណាព្យាបាលសិស្ស ពាក់ព័ន្ធនឹងតម្លៃឈ្នួលសិក្សា បន្ទាប់ពីសាលាទាំងនោះបានប្រឹងប្រែងរិះរកគ្រប់វិធី ដើម្បីធានាដល់ដំណើរការសាលាជាមួយការរក្សាបានគុណភាពអប់រំដល់សិស្ស។

សាលាអន្តរជាតិផារ៉ាហ្គន គ្រឹះស្ថានអប់រំអន្តរភាសា និងអប់រំអន្តរជាតិ ដែលត្រូវបានទទួលស្គាល់គុណភាពអប់រំជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា និងទទួលស្គាល់ជាផ្លូវការអន្តរជាតិ ដោយក្រុមប្រឹក្សាភិបាលសាលាអន្តរជាតិ (CIS) or ​(Council of International Schools) ក៏បានជួបនូវបញ្ហាបែបនេះផងដែរ។ អាណាព្យាបាលសិស្សប្រមាណ ៩៧រូប បានស្នើសុំឱ្យសាលាអន្តរជាតិផារ៉ាហ្គន ជួយបញ្ចុះតម្លៃសិក្សាប្រមាណ ៣០ភាគរយ សម្រាប់ការសិក្សាពីចម្ងាយ ឬហៅថាអនឡាញ និងសុំឱ្យការប្រែលក្ខខណ្ឌចុះឈ្មោះសិក្សាមួយចំនួន។

តាមរយៈសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាសាលាអំពាវនាវដល់អាណាព្យាបាលសិស្សទាំងអស់ កំពុងជួបបញ្ហាហិរញ្ញវត្ថុ ដាក់ពាក្យស្នើសុំការបញ្ចុះតម្លៃសិក្សា ភ្ជាប់មកជាមួយឯកសារគាំទ្រផ្សេងៗ សម្រាប់ធ្វើការពិនិត្យ និងពិចារណាតាមករណីនីមួយៗ។

ក្នុងសេចក្តីជូនដំណឹងនេះ សាលាអន្តរជាតិផារ៉ាហ្គន បានបញ្ជាក់ជំហររបស់ខ្លួនផងដែរថា នឹងបន្តកិច្ចសហការជាមួយអាណាព្យាបាលសិស្សគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ដើម្បីធានាការបន្តប្រតិបត្តិការ និងការផ្តល់សេវាអប់រំសម្រាប់សិស្សានុសិស្សទាំងអស់។

សូមបញ្ជាក់ថា ដើម្បីជាការស្វែងយល់ពីការលំបាក និងបញ្ហាប្រឈមរបស់សាលា និងអាណាព្យាបាលសិស្សក្នុងពេលជួបវិបត្តិបណ្តាលពីជំងឺកូវីដ១៩នេះ លោក អ៊ាង សុផល្លែត ប្រធានកិត្តិយសរបស់សាលា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានធ្វើការសម្របសម្រួលជួបជាមួយអាណាព្យាបាលរបស់សិស្សដែលតវ៉ាទាំង៩៧រូប នៅអគារសាកលវិទ្យាល័យផារ៉ាហ្គន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅចំពោះមុខអាណាព្យាបាលរបស់សិស្សលោក សុផល្លែត បានលើកបង្ហាញពីគោលបំណង និងឆន្ទៈរបស់សាលាក្នុងការផ្តល់គុណភាពអប់រំប្រកបដោយគុណភាព និងគុណតម្លៃ ពោលកម្រិតគុណភាពអប់រំក្នុងសាលាស្មើនឹងសាលាអន្តរជាតិល្បីៗលើពិភពលោក។ លោក បានបញ្ជាក់ថា ដោយសាលាបានទទួលស្គាល់ពីក្រុមប្រឹក្សាសាលាអន្តរជាតិហើយនោះ សិស្សសិក្សានៅសាលាអន្តរជាតិផារ៉ាហ្គន អាចបន្តការសិក្សានៅបរទេសដោយមិនបាច់សិក្សាបំប៉នបន្ថែម ឬ ធ្វើតេស្តដូចជា IELTS ឬ TOEFL នោះឡើយ។

អតីតនិស្សិតកម្ពុជាបញ្ចប់ការសិក្សានៅប្រទេសកាណាដារូបនេះ បានរំលឹកថា ព្រោះតែពេលនៅជានិស្សិត ពេលចេញទៅសិក្សានៅបរទេសត្រូវបានគេវាយតម្លៃគុណភាព និងកម្រិតអប់រំនៅកម្ពុជា និងមិនចង់ឱ្យលោកចូលរៀននោះ ជាហេតុជំរុញឱ្យលោកប្រឹងប្រែងកសាងសាលារៀនមួយ ដែលមានគុណភាពអប់រំទទួលស្គាល់ជាអន្តរជាតិ។

លោកបន្តថា ទោះបីពេលនេះកម្ពុជាត្រូវបិទទ្វារសាលា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងណាក្តី សាលាបានខិតខំប្រឹងប្រែងគ្រប់លទ្ធភាព និងមធ្យោបាយធានាដល់ការអប់រំមួយប្រកបដោយគុណភាពដដែល។ ដើម្បីបន្តរក្សាបានការអប់រំប្រកបដោយគុណភាពនោះ សាលាបានសម្រេចវិនិយោគលើការសិក្សាពីចម្ងាយ ឬសិក្សាអនឡាញ ដោយសរសេរកម្មវិធីបង្រៀន និងបង្កើត App សម្រាប់សាលាផ្ទាល់ ដំឡើងឧបករណ៍ សម្ភារបច្ចេក ព្រមទាំងបណ្តុះបណ្តាលគ្រូសម្រាប់ការសិក្សាអនឡាញ។

ប្រធានកិត្តិយសរបស់សាលា បានរៀបរាប់ប្រាប់អាណាព្យាបាលសិស្សថា ការសិក្សាពីចម្ងាយដែលសាលាបានរៀបចំឡើង គឺនៅតែរក្សាបានបរិយាកាសសិក្សាមួយដូចនៅក្នុងបន្ទប់រៀនដែរ។ ពោលទាំងគ្រូ និងសិស្ស បានបង្ហាញមុខនៅអេក្រង់កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិច ក្នុងម៉ោងបង្រៀន និងរៀន ហើយអវត្តមាននៅតែយកជាធម្មតា។

តាមរយៈអ្វីដែលសាលាបានរៀបចំឡើងនេះ បានធ្វើការបង្រៀន និងរៀនរបស់សិស្សធានាបានគុណភាពដដែល ហើយសិស្សភាគច្រើនបំផុត បានសរសើរពីការរៀបចំក្នុងការផ្តល់ចំណេះដឹងដល់ពួកគេក្នុងពេលសាលាបិទទ្វារព្រោះតែជំងឺកូវីដ១៩នេះ។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា បើទោះបីសាលាមិនបានបើកទ្វារបង្រៀន តែគ្រូ ការបង្រៀន និងប្រតិបត្តិការផ្សេងៗនៅសាលាអន្តរជាតិផារ៉ាហ្គន បន្តដំណើរការជាធម្មតា។ ដើម្បីដំណើរការប្រតីបត្តិការប្រចាំថ្ងៃ និងត្រៀមបើកធ្វាវិញភ្លាមៗនៅពេលមានការណែនាំពីក្រសួង ការចំណាយប្រាក់ឈ្នួលគ្រូ និងការចំណាយផ្សេងៗរបស់សាលាក្នុងពេលមានវិបត្តិនេះ គឺនៅតែដដែល។

ទោះយ៉ាងណាលោក សុផល្លែត ស្នើសុំការយោគយល់ពីអាណាព្យាបាលចូលរួមជាមួយសាលា ដើម្បីរក្សាដំណើរការបង្រៀន និងរៀនប្រកបដោយគុណភាពជូនសិស្សានុសិស្ស។ លោកក៏សូមអំពាវនាវដល់អាណាព្យាបាលរួមគ្នាអនុវត្តតាមយុទ្ធសាស្ត្រ អ្នកមិនជួបបញ្ហាជួយអ្នកជួបបញ្ហាតិច អ្នកជួបបញ្ហាតិចជួយអ្នកជួបបញ្ហាខ្លាំង ស្រដៀងនឹងអ្វីដែលក្រសួងបានអនុវត្តបានជោគជ័យកាលពីដើមទសវត្សរ៍៨០៕