(ភ្នំពេញ)៖ លោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ និងភរិយា នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកសម្ភារមួយចំនួនដែលមានអង្ករ អាល់កុល, និងសាប៊ូ ព្រមទាំងផ្សព្វផ្សាយ ស្តីពីការការពារ និងការរីករាលដាលនូវមេរោគ COVID-19 នៅសង្កាត់ច្បារអំពៅទី២ ។

ជាមួយគ្នានេះ លោក គិត សុផល ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការសម្អាត និងអនាម័យឱ្យបានល្អ ដោយផ្អែកតាមការណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវប្រញាប់ទៅមន្ទីរពេទ្យ បើមានការសង្ស័យទាក់ទងនឹងជម្ងឺកូវីដ ១៩ ឬទាក់ទងទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល។

មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែទាំអនាម័យខ្លួនជាប់ជាប្រចាំ ហើយចៀសវាង កុំនៅជុំគ្នាច្រើន ឧស្សាហ៍លាងដៃដោយសាប៊ូ បើមានបញ្ហាមិនធ្ងន់ធ្ងរទេ តែបញ្ហាសំខាន់ គឺយើងមិនបានដើរលេងទៅណា។ បើមានបញ្ហាក្តៅខ្លួន សូមបងប្អូនប្រាប់អាជ្ញាធរភូមិ សមត្ថកិច្ច ហើយត្រូវទៅពេទ្យភ្លាម បើសង្ស័យថា អត់ស្រួលពិសេសអ្នកមកពីក្រៅ ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ច។

លោក គិត សុផល បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេចបានយកចិត្តទុកដាក់ណាស់ គឺសម្តេចធ្វើយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំងឺ COVID-19 រាតត្បាតនេះទេ។

លោក បានបន្ថែមទៀតយ៉ាងដូច្នេះថា៖ «យើងមិនមែនការពារតែខ្លួនយើងនោះទេ គឺយើងការពារដល់គ្រួសារ ប្រពន្ធកូនយើង ពិសេសការពារ ដល់សហគមន៍យើង។ ព្រោះជំងឺនេះឆ្លងលឿនណាស់ តែមិនធ្វើឱ្យស្លាប់នោះទេ បើយើងការពារអនាម័យបានល្អនោះ»

ក្នុងឱកាសនោះ លោកមេបញ្ជាការ បានលើកឡើងជម្រាបជូនប្រជាពលរដ្ឋ ដោយសង្កត់ធ្ងន់ពីគ្រោះថ្នាក់នៃជំងឺ COVID-19 ដែលមកទល់ បច្ចុប្បន្ននេះ ជំងឺដ៏កាចសាហាវនេះ បានឆ្លងជាសកលនៅស្ទើរគ្រប់ប្រទេសលើពិភពលោក។ ដោយឡែកនៅកម្ពុជាទោះបីជំងឺនេះ មិនទាន់ឆ្លងរាលដាលធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជំងឺជាសះស្បើយច្រើនក៏ដោយក្តី ប៉ុន្តែ នៅលើពិភពលោក មិនទាន់មានសញ្ញា ស្រាកស្រាន្តនៅឡើយទេ។ ហេតុនេះ ត្រូវចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបន្តទៅទៀត តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាលជាអាទិ៍៖ ការរស់នៅមានអនាម័យខ្ជាប់ខ្ជួន លាងដៃដុសសាប៊ូញឹកញាប់ ក្នុងទំនាក់ទំនងគ្នា ទៅវិញទៅមក ត្រូវរក្សាគំលាតសមស្រប និងពាក់ម៉ាសការពារផ្លូវដង្កើម ពិសេសចៀសវាងដាច់ខាតការ ប្រមូលផ្តុំមានមនុស្សច្រើន។ល។

លោកមេបញ្ជាការ បានបញ្ជាក់ថា អំណោយដែលយកមកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងសាប៊ូម្សៅ ៣កញ្ចប់ផងដែរ៕