(កំពង់ចាម)៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់ផ្ទះ០១ខ្នងជូន លោកយាយ ឈ្មោះ អោម យិន ទុរគតជន ពិការ អាយុ៨៧ឆ្នាំ រស់នៅភូមិក្រសាំងតាម៉ង ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ផ្ទះនេះមាន ទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ តសំយ៉ាបមុខ២ម៉ែត្រ ក្រោយ២ម៉ែត្រ សង់អំពីដែកប្រក់ស័ង្កសី ក្រាលការ៉ូបាត ជញ្ជាំងដែក ត្រូវចំណាយអស់ថវិកាសរុប ៣,០០០ដុល្លារ ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖

*ទី១៖ ឧបត្ថម្ភដល់លោកយាយ អោម យិន ថវិកាចំនួន៣០ម៉ឺនរៀល, អង្ករ៥០គីឡូ, ទឹកត្រី០១យួរ, ទឹកសុីអុី០១យួរ, ត្រីខ០២ឡូ, មី០១កេស, ទឹកសុទ្ធ០១កេស, ទឹកផ្លែឈើ០១កេស និងគ្រឿងប្រើប្រាស់ផ្ទះបាយ០១ឈុត។

*ទី២៖ ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងកម្មវិធី ១៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងសារុង០១ផងដែរ។

សូមបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រគល់ផ្ទះ០១ខ្នង ជូនប្រជាពលរដ្ឋក្រីក្រ០១គ្រួសារ នៅភូមិឃុំខាងនេះម្ដងរួចហើយ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលចំណាយអស់ថវិកា ២,៥០០ដុល្លារ និងសរុបការចំណាយក្នុងការសាងសង់ផ្ទះ ទាំង០២ខ្នង និងសម្ភារគ្រឿងឧបភោគបរិភោគ អស់ថវិកាសរុប ៦,៣០០ដុល្លារ៕