(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ ក្រសួងការពារជាតិកម្ពុជា នឹងទទួលសម្ភារពេទ្យ សម្រាប់ទបស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារប្រទេសចិន។

ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ នឹងធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា នៅទីព្រលានយន្តហោះអន្តរជាតិ (VIP)។

គួរជម្រាបថា នេះជាលើកទី២ហើយ ដែលក្រសួងការពារប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា។ ការប្រគល់លើកទី១ សម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុស COVID-19 មានទម្ងន់ជាង ២តោន។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិនបានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។

សូមបញ្ជាក់ថា នាពេលកន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយឧបត្ថម្ភជាសម្ភារៈ បរិក្ខារពេទ្យ និងគាំទ្រយ៉ាងពេញទំហឹងជូនដល់មិត្តចិន រហូតមកដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសចិនទទួលលទ្ធផលគួរជាទីមោទនៈ ដូចនេះ ប្រទេសចិននឹងមកជួយដោះស្រាយជាមួយមិត្តកម្ពុជាវិញ តាមរយៈការជួយឧបត្ថម្ភជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មួយចំនួនធំ និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និងកងទ័ពមកជួយផងដែរ៕