(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តទទួលបានក្រមាចំនួន ១០០០ក្រមា និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ២គ្រឿងបន្ថែមទៀត ពីលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌប្ញស្សីកែវ ដើម្បីចូលរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩។

នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះ លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឧបត្ថម្ភក្រមា ដល់រដ្ឋបាលសង្កាត់ចំនួន ០៥ ផងដែរ ដែលរួមមាន៖ សង្កាត់ទួលសង្កែទី១, សង្កាត់ទួលសង្កែទី២, សង្កាត់ប្ញស្សីកែវ, សង្កាត់ស្វាយប៉ាក និងសង្កាត់គីឡូម៉ែត្រលេខ៦ ដោយក្នុង១សង្កាត់ៗ ទទួលបាន ក្រមាចំនួន ១០០ ក្រម៉ា ដើម្បីការពារ បង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩។

ដោយឡែក សម្រាប់សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ឯណេះវិញ ក្នុងមួយសង្កាត់ៗ ក៏ទទួលបានក្រមាចំនួន ១០០ ក្រមា និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ០២គ្រឿង ដែលបានប្រគល់ជូន (វិហារឥស្លាមសូរ៉ាវ) ដើម្បីការពារ បង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលអំណោយជាក្រមា និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីចូលរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ក៏មានការចូលរួមពីលោកស្រី ម៉ាណ ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងប្រតិភូអមដំណើរ រួមជាមួយលោក-លោកស្រី ចៅសង្កាត់ និងមន្ត្រីមួយចំនួនទៀតផងដែរ ដែលបានរៀបចំឡើងនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ៕