(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំ និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យការជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដើម្បីស្តាប់អំពីបច្ចេកទេសនៃការជួសជុល ព្រោះជាប្រាសាទដែលមានទឹកពទ្ធជុំវិញ។

សកម្មភាពនេះធ្វើឡើង នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ តាមរយៈបទពិសោធន៍ និងភាពចាំបាច់បំផុតនោះ អ្នកជំនាញបានជម្រាប អំពីការធ្វើទំនប់ឃាំងទឹក ដើម្បីធ្វើការបូមទឹកចេញ ការប្រមូលថ្ម និងការធ្វើកំណាយស្រាវជ្រាវស្វែងយល់បន្ថែមទៀត អំពីរចនាសម្ព័ន្ធគ្រឹះប្រាសាទ។

លោកស្រី ភឿង សកុណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចការទាំងនោះ ព្រមទាំងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាទាំងអស់ ដែលកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុតក្នុងការអភិរក្សមរតកដូនតា៕