(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមប្រព័ន្ធវីដេអូអនឡាញ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានជំរុញឱ្យអាស៊ាន-អាមេរិក រួមគ្នាបញ្ឈប់ការរាលដាលនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ(Video Conference) ស្តីពីជំងឺឆ្លងកូវីដ-១៩ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសានេះ សម្របសម្រួលដោយ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ ហើយឡាវបានធ្វើជាសហប្រធាន ជាមួយសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំពិសេសនេះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងអំពីមធ្យោបាយនានា ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដូចខាងក្រោម៖
* នៅខណៈពេលដែលយើងទទួលស្គាល់អំពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នានា ក្នុងការព្យាបាលតាមគ្លីនិក ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ យើងត្រូវធ្វើឱ្យកាន់តែសកម្មឡើងទៀតនូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវស្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ។
* យើងត្រូវការបង្កើនកិច្ចសហប្រតិបត្តិការចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការរាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។ យើងគួរកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក៏ដូចជាតួនាទីនាំមុខរបស់អង្គការសុខភាពពិភពលោក ជាស្ថាប័នសុខភាពពិភពលោកមួយដែលគួរឱ្យគោរពក្នុងការផ្តល់ជូននូវព័ត៌មាន ការបណ្តុះបណ្តាល និងអនុសាសន៍នានា និងការត្រួសត្រាយផ្លូវសម្រាប់បុព្វហេតុដ៏ធំ របស់មនុស្សជាតិ។
* អាស៊ាន និងសហរដ្ឋអាមេរិក គួរតែរិះរកនូវមធ្យោបាយទំាងឡាយណា ដើម្បីធ្វើយ៉ាងណាធានាឱ្យ មានលក្ខណៈជាយុទ្ធសាស្រ្តនូវការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានា ជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ កម្ពុជាបានព្យាយាមកាត់បន្ថយនូវ ផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺឆ្លងនេះ លើសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមខ្លួនសម្រាប់ដំណាក់កាល ជាសះស្បើយឡើងវិញ ដោយរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ ការងារ។ ដើម្បីទ្រទ្រង់ដំណើរនេះបានក្នុងរយៈពេលវែង ការគាំទ្រពីសហរដ្ឋអាមេរិកដែលជាដៃគូ ពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា គឺមានសារៈសំខាន់បំផុត។
កន្លងទៅ បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ ប្រទេសមហាអំណាច បានប្រើវោហាសាស្រ្តតាមរយៈវិស័យព័ត៌មាន ដោយបានចោទប្រកាន់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងការចោទប្រកាន់គ្នាទៅវិញទៅមកនេះ ព័ត៌មានក្លែងក្លាយជាច្រើន ក៏ត្រូវបានគេប្រឌិតឡើងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលបណ្តាលឱ្យមានការភ័យខ្លាចជាខ្លាំងដល់ប្រជាពលរដ្ឋ៕