(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងភ្នាក់ងារសហប្រតិបិត្តការអន្តរជាតិជប៉ុន «JICA» បានធ្វើការសហការគ្នា និងចាប់ផ្តើមផ្តល់ការសិក្សាមេរៀនតាមអ៊ិនធើណេត ដោយឥតគិតថ្លៃ ជាមួយកម្មវិធីមួយមានឈ្មោះថា «Think! Think!» ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅជប៉ុនខាងផ្នែក EDTECH។

នៅក្នុងឱកាសនោះដែរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា «Think!Think! គឺជាកម្មវិធីបង្រៀនដែលល្អក្នុងការជួយពង្រឹងសមត្ថភាពក្នុងការគិត IQ ការគិតស៊ីជម្រៅ និងជំនាញសង្គមផ្សេងៗ។ ជាពិសេសក្នុងស្ថានភាពដ៏ពិបាកនេះ សិស្សក៏អាចរីករាយក្នុងការៀនកម្មវិធី Think!Think! នៅផ្ទះជាមួយគ្រួសារបានដែរ»។

បន្ថែមពីលើនេះ លោក ខេ កាវ៉ាស៊ីម៉ា (Kei Kawashima) នាយកប្រតិបត្តក្រុមហ៊ុនហាណាម៉ារុ លេប (Hanamaru Lab) បានលើកឡើងថា «ពួកយើងបានសម្រេចចិត្តផ្តល់ជូនការសិក្សា មេរៀនតាមអ៊ិនធើណេត ហើយនិងកម្មវិធីសិក្សា Think! Think! ដោយឥតគិតថ្លៃដែលស្ថិតក្នុងការសហការគ្នាជាមួយភ្នាក់ងារ សហប្រតិបិត្តការអន្តរជាតិជប៉ុន “JICA” និងក្រសួងអប់រំយុវជននិងកីឡា “MoEYS” សម្រាប់សិស្សានុសិស្សទាំងអស់នៅប្រទេសកម្ពុជា។ យើងសង្ឃឹមថាការផ្តល់ជូននេះអាចរួមចំណែក ជួយដល់វិស័យអប់រំនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលដ៏ពិបាកនេះ»

លោក ជូនីជី មូរ៉ាតា (Mr.Junichi Murata) តំណាងជាន់ខ្ពស់របស់ការិយាល័យភ្នាក់ងារសហប្រតិបិត្តការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ខ្ញុំជឿជាក់ថាពួកយើងអាចចែករំលែកចំណេះដឹងដោយឥតព្រំដែន បើទោះបីជាយើងស្ថិតនៅក្រោមស្ថានភាពដ៌លំបាកនេះក៏ដោយ។

លោកបានបន្តថា ឥឡូវនេះ វាគឺជាពេលវេលា ដែលយើងត្រូវរួមគ្នាអភិវឌ្ឍវិធីសាស្ត្រ បង្រៀនថ្មីដូចជាតាមរយៈ ការបង្រៀនតាមអុីនធើណេតនិងតាមរយះ E-learning។ Hanamaru Lab គឺមានគោលដៅស្របគ្នាទៅនឹងក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាភ្នាក់ងារសហប្រតិបិត្តការអន្តរជាតិជប៉ុនផងដែរ។

មេរៀន Think!Think! តាមអ៊ិនធើណេតដោយឥតគិតថ្លៃគឺត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសបុករបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា “Krou Cambodia”។ ការផ្សាយបន្តផ្ទាល់មានរយៈពេល បីថ្ងៃក្នុងមួយសប្តាហ៍គឺ ថ្ងៃចន្ទ ពុធ និងសុក្រ ពីម៉ោង ៥:០០ ដល់ ៥:៣០ល្ងាច។ មេរៀនមានដូចជា ការផ្គុំរូប (puzzles) ការស្វែងរកគោលដៅ(mazes) និងកម្មវិធីល្បងប្រាជ្ញាផ្សេងៗទៀតដែលជួយជំរុញ និងបង្កើនជំនាញការគិតរបស់កុមារ។

Think!Think! គឺជាកម្មវិធីមកពីជប៉ុនដែលពេញនិយមទូទាំងពិភពលោក និងមានអ្នកប្រើប្រាស់ច្រើនជាង ១លាន ៥សែននាក់ ហើយទទួលបានពានរង្វាន់ជាច្រើនដូចជា “Google Best Kids App” “Google Best Social Impact App” និង “No.1 Japanese E-learning Award”។ កម្មវិធីសិក្សាចុងសប្តាហ៍របស់ក្រុមហ៊ុន ហាណាមារុ លេប គឺត្រូវបានផ្តល់ជូនទាំងនៅក្នុងប្រទេសជប៉ុន និងនៅទីក្រុងភ្នំពេញក្នុងតម្លៃពិសេស។ ប៉ុន្តែឥឡូវនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សនៅប្រទេសកម្ពុជាដើម្បីជាឱកាសក្នុងសិក្សា។

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន ហាណាម៉ារុ លេប (Hanamaru Lab) និងភ្នាក់ងារសហប្រតិបិត្តការអន្តរជាតិជប៉ុន “JICA” ក្នុងឆ្នាំ ២០១៨ នៅប្រទេសកម្ពុជា ជាលទ្ធផលបានបង្ហាញថា Think!Think! បានបង្កើនពិន្ទុគណិតវិទ្យា និងសមត្ថភាពនៃការគិត IQ របស់សិស្ស (ពិន្ទុគណិតក្នុងវិញ្ញាសារគណិតថ្នាក់ជាតិ ថ្នាក់ទី១ ដល់ ទី៤ ដែលបានប្រើប្រាស់កម្មវិធី Think!Think! អស់រយៈពេល ៣ខែគឺមានពិន្ទុ ៦,៩% ខ្ពស់ជាងសិស្សដែលមិនបានរៀន។

ដើម្បីជួយដល់កុមារអោយបានកាន់តែច្រើន ជាពិសេសអ្នកដែលពុំមានអ៉ីនធើណេត ល្បឿនលឿននៅផ្ទះ មេរៀនThink!Think! នឹងត្រូវបានផ្សព្វផ្សាយតាមរយះទូរទស្សន៍ជាតិកម្ពុជាឆាប់ៗនេះ។ នេះគឺជាគម្រោងដំបូងបង្អស់ដែលមិនធ្លាប់មានរបស់ភ្នាក់ងារសហប្រតិបិត្តការ អន្តរជាតិជប៉ុន (JICA) ដែលដាក់អោយមានដំណើរការមេរៀនតាមអ៊ីនធើណេត នៅលើទូរទស្សន៍ជាតិជាមួយការប្រើប្រាស់កម្មវិធីApp៕