(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោក ទទួលការគំរាមកំហែងពីមេរោគ COVID-19 យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិនិងអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកនយោបាយមួយចំនួនតូច បានលើកយកបញ្ហាវីរុស COVID-19 នេះ មកធ្វើជាលេសនយោបាយ ដើម្បីវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អំពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈទំព័រ Facebook ផ្លូវការបង្ហោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងពេលដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោក ទទួលការគំរាមកំហែងពីមេរោគ COVID-19 យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិនិងអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ»