(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សោម សាទុម មេបញ្ជាការរងកងទ័ពជើងអាកាស នៅព្រឹកទី២៣ ខែមេសា ឆ្នាំ២០២០នេះ តំណាងនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំក្រុមការងារ នាំមកនូវថវិកាចំនួន ៧៧,៤៤០,០០០រៀល និងប្រាក់ដុល្លារ ១២០ដុល្លារ ដែលជាប្រាក់វិភាគទានស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំកងទ័ពជើងអាកាស និងនាយទាហាន នាយទាហានរងចំនួន ១,២៤៦នាក់ មកប្រគល់ជូនក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងពីធីប្រគល់-ទទួលនេះ លោក នង ពិសិ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបរិច្ចាគ ពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដើម្បីស្នាមញញឹមរបស់កុមារ នៅកម្ពុជានេះ ដែលនេះជាកាយវិការគួរឱ្យគោរព និងបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសគឺ ទឹកចិត្តខ្មែរជួយខ្មែរ តាមរយៈការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជារាប់លាននាក់។

តាងនាមឱ្យនាយឧត្តមសេនីយ៍ សឹង សំណាង, ឧត្តមសេនីយ៍ឯក សោម សាទុម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ក្រោមដំបូលសន្តិភាព ដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំងនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក សោម សាទុម ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូរ របស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោក នង ពិសិ្ឋ បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះនាយឧត្តមសេនីយ៍ សឹង សំណាង និងបានលើកទឹកចិត្តឱ្យមានការបន្ត និងពង្រីកការចូលរួមបរិច្ចាគ ឱ្យបានកាន់តែទូលំទូលាយ ទាំងនៅតាមក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក៏ដូចជាសាធារណជន ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសន្តិភាព៕