(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ ដែលត្រឡប់មកពីលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា សម្រាប់លទ្ធផលនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១១:០០នាទីព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាព ចំនួន ៣១២នាក់ ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៣១១នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌល ចត្តាឡីស័កកម្រិត១ ចំនួន ០០នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ ចំនួន ១នាក់ ខណៈសំណាកយកទៅពិសោធន៍បន្តមានចំនួន ៧០នាក់។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងគោលបំណងការពារសុខភាពបងប្អូនកម្មកររោងចក្រជាង៩៥% ដែលបានមកធ្វើការងារធម្មតាអំឡុងពេលបុណ្យ ចូលឆ្នាំផង ក៏ដូចជាការពារសុខភាពបងប្អូនកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំផង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការ មណ្ឌលត្រួតពិនិត្យសុខភាព ចំនួន ១០មណ្ឌល និងមណ្ឌលចត្តាឡីស័ក ចំនួន ៣មណ្ឌល ដើម្បីពិនិត្យសុខភាព កម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ។

លទ្ធផល នៃការត្រួតពិនិត្យសុខភាពបងប្អូនកម្មកររោងចក្រ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ គិតត្រឹម ម៉ោង ១៨:០០នាទីយប់ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាព ចំនួន ១ ២២១នាក់ ក្នុងនោះ ដាក់ឱ្យធ្វើ ចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ១ ១៤៦នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន ១៤នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន៦១នាក់ និងយក សំណាកទៅពិសោធន៍បន្ត ចំនួន ៧០នាក់។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន ៥៨នាក់ ក្នុងនោះ ចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ៤០នាក់ និងកម្រិត២ ចំនួន ១៨នាក់៕