(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងបើកសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាល នៅសាលមហោស្រព កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចប្រកាសសម្រេចព្យួរចោល ការជាប់ពន្ធលើបន្ទុកការផ្ទេរមរតក ផ្ទេរពីជីតា-ជីដូន ទៅឲ្យចៅ, ពីឳពុក-ម្តាយ ទៅឲ្យកូន និងពីប្តី ឲ្យទៅប្រពន្ធ ឬពីប្រពន្ធ ទៅឲ្យប្តី។ យើងត្រូវគោរពនិងបំរើគោលនយោបាយដើម្បី បំរើផលប្រយោជន៍ប្រជាជនយើង។ នេះបើយោងតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ នៅលើ Facebook របស់លោក។

សម្តេចតេជោ ហ៊ុន សែន បានសំរេចព្យួរបន្ទុកពន្ធការផ្ទេរមរតក មាន ៣ ប្រភេទគឺ៖ ផ្ទេរពីជីតា-ជីដូន ទៅឲ្យចៅ, ពីឳពុក-ម្តាយ ទៅឲ្យកូន និង ពីប្តី ឲ្យទៅប្រពន្ធ ឬពី ប្រពន្ធ ទៅឲ្យប្តី។

សូមជំរាបថា មុននេះបន្តិចលោក ខៀវ កាញារីទ្ធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP) បានឲ្យដឹងនៅលើ Facebook ផងដែរថា សន្និបាតលើកទី៣៩ នៃ គណៈកម្មាធិការកណ្តាលរបស់បក្សលើកនេះ ទទួលបានលទ្ធផលផ្លែផ្កាច្រើន ជាពិសេសក្នុងសន្និបាតនេះ មិនសូវមានអ្នកនិយាយអែប និយាយលើកជើង ឬ និយាយហៀរទឹកមាត់នោះឡើយ៕