(ភ្នំពេញ)៖ ក្រោយពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ បានអនុវត្តរួចមក នៅប៉ុន្មានថ្ងៃមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញនូវសេចក្តីសម្រេចមួយចំនួន ក្នុងការកែសម្រួលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ដែលចាប់អនុវត្តពីថ្ងៃទី០១ ខែមករាកន្លងមកនេះ ទទួល​រងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន។

ការរិះគន់ជាអន្លើៗនេះបានជំរុញឲ្យ សម្តេចតេជោ ហ៊ុន សែន បានគិតសម្រូលសារជាថ្មីលើចំណុចសំខាន់ៗមួយចំនួន លើការអនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីៗនេះ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចសំខាន់ៗមួយចំនួនដូចជា៖

សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ការធ្វើប័ណ្ណបើកបរម៉ូតូចាស់ ដែលមានតម្លៃ ៧៤០០០រៀល បូករួមទាំងពិនិត្យសុខភាពនោះ ពេលនេះធ្លាក់មកនៅត្រឹម ២៥០០០រៀល ហើយ មិន​តម្រូវឲ្យមានការប្រឡង ឬពិនិត្យសុខភាពនោះឡើយ។ តែស្នើឲ្យមានការផលិត ស្ពតអប់រំពីច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ សម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដូរប័ណ្ណបើកបរម៉ូតូ យកតម្លៃត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ។ សម្តេចតេជោ ប្រកាសដូច្នេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី បើកសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស៥មករា នៅជាប់សាលា តិចណូ កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។

នៅថ្ងៃទី០៦ខែមករា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្រេចលុបចោលប័ណ្ណបើកបរ ទោចក្រយានយន្ត ដែលមានកម្លាំងពីចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ។ សម្តេចបានសម្រេចថា នឹងស្នើទៅអង្គការនីតិប្បញ្ញត្តិ ដើម្បីធ្វើវិសោធនកម្មលើបទប្បញ្ញត្តិច្បាប់ ដែលមានការពាក់ព័ន្ធក្នុងពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្រេចលុបចោលប័ណ្ណបើកបរ ទោចក្រយានយន្ត ដែលមានកម្លាំងចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេនោះ, នៅថ្ងៃទី០៧ ខែមករាឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទៀតថា ប្រសិនបើប្រជាពលរដ្ឋបានបង់លុយ សម្រាប់ថ្លៃប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួចហើយ គឺបងប្អូនប្រជាពលរដ្ឋអាច មកទទួលប្រាក់វិញគ្រប់ៗគ្នា។ រាជរដ្ឋាភិបាល នឹងបង់ថវិកាសងវិញគ្រប់ចំនួន ទៅតាមតម្លៃផ្លូវការដែលបានបង់រួចពីមុន។ ​សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យសហការជាមួយ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចាត់វិធានការជូនបងប្អូនឱ្យបានឆាប់បំផុត។

នៅថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសឲ្យដឹងដែរថា ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125cc ចុះក្រោម ហើយចង់ឲ្យសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបានដោយមិនចាំបាច់ស្នើសុំលិខិត បញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមឲ្យខ្ចីជិះ។ រាជរដ្ឋាភិបាលកម្ពុជា នា​​ថ្មី​​ៗនេ​បានសម្រេចឱ្យប្រជាពលរដ្ឋធ្វើប័ណ្ណសម្គាល់ម៉ូតូ ដោយពុំចាំបាច់បិទរូបថត តាមសំណើរបស់ក្រសួងមហាផ្ទៃ។

នៅថ្ងៃទី០៩ ខែមករានេះ សម្តេចតេជោ ហ៊ុន សែនក៏បានប្រកាសដោយ អនុញ្ញាតឲ្យម្ចាស់រថយន្ត និងម៉ូតូទាំងអស់ មិនចាំបាច់បញ្ជាក់ពីម្ចាស់ដើម បើទិញតពីគេហើយយកទៅកាត់ឈ្មោះ ការប្រកាសបែបនេះ ធ្វើឡើងដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅលើបណ្តាញសង្គម Facebook ។​ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សំណូមពរលោក Yoeun Som: ខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ដែលដឹកនាំការងារនេះ ដែល​ផ្តល់នូវការយោគយល់ទទួលស្គាល់ការកាន់កាប់ជាក់ស្តែង​ដោយ​មិនចាំបាច់ឱ្យមានការបញ្ជាក់ពីម្ចាស់មុននោះទេ។ ក្នុងករណីយរថយន្តឬម៉ូតូមិនទាន់បង់ពន្ធត្រូវបង់ពន្ធតាមច្បាប់។ នៅពេលខាងមុខពេលទិញរថយន្ត ឬម៉ូតូត្រូវមានការបញ្ជាក់ត្រឹមត្រូវ ពីអ្នកលក់ទើបងាយស្រួលទាំងអស់គ្នា។ គណកម្មាការសុវតិ្ថភាពចរាចរណ៍ផ្លូវគោកនឹងចេញការណែនាំជាក់ស្តែង»

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងនៅក្នុងសន្និបាតលើកទី៣៩ នៃគណៈ​កម្មាធិការកណ្តាលរបស់គណបក្សប្រជាជន កម្ពុជា ដែលជាសន្និបាតធ្វើឡើងដើម្បីឆ្លើយតបជាសំខាន់លើបញ្ហារបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦៕