(ភ្នំពេញ)៖ ក្រុមហ៊ុនវិនិយោគ OCIC របស់លោក ពង ឈីវសែ និងក្រុមហ៊ុនវិនិយោគវឌ្ឍនៈបានចាប់ដៃគ្នា  គ្រោងសាងសង់ចំណតយានយន្តសាធារណៈក្រោមដីជម្រៅ ៣ជាន់ នៅខាងក្រោមសួនច្បារសាធារណៈមុខ ព្រះសក្យមុនីចេតិយ៍ នៅចន្លោះអគារខ្ពស់កាណាឌីយ៉ា និង អគារវឌ្ឍនៈ។ នេះបើយោងតាមលោក ឡុង ឌីម៉ង់  អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

ដំណឹងនៃការវិនិយោគសាងសង់ចំណតយានយន្តក្រោមដីនេះ ត្រូវបានអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុ ជាតិវង្ស បង្ហើបឲ្យដឹងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ ពេលលោកកំពុង ចុះត្រួតពិនិត្យ គម្រោងកែលម្អព្រះសក្យមុនីចេតិយ៍ មុខស្ថានីយរថភ្លើង។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការសាងសង់ចំណតយានយន្តសាធារណៈក្រោមដី ដើម្បីដោះ ស្រាយបញ្ហាខ្វះចំណតយានយន្ត និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ ខណៈដែលបច្ចុប្បន្ននេះ រាជធានី ភ្នំពេញគ្មានចំណត់ នាំឱ្យមានការ ចតយានយន្តគ្មានសណ្តាប់ធ្នាប់រំលោភលើដងផ្លូវ និងចំណីផ្លូវ ដែលនាំឱ្យ រំខានដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោក ប៉ា សុជាតិវង្ស បានបន្ថែមថា បញ្ហាស្ទះចរាចរណ៍ក្នុងទីក្រុងនេះ កំពុងប្រឈមជារៀងរាល់ថ្ងៃ ដូច្នេះការ រៀបចំឱ្យមាន ចំណតរថយន្តសាធារណៈត្រឹមត្រូវ ហើយជាមធ្យោបាយ ដ៏ប្រសើរក្នុងការរួមចំណែកកាត់បន្ថយ ការកក់ស្ទះនេះ។

លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា គម្រោងសាងសង់ចំណតក្រោមដីនេះ ដែលគម្រោងដំបូងគេក្នុងរាជធានី ភ្នំពេញនេះ គឺជាការវិនិយោគរួមគ្នា វាងក្រុមហ៊ុន OCIC និងក្រុមហ៊ុនវិនិយោគវឌ្ឍនៈ។ ចំណតយានយន្តនេះ  ក៏មានផ្សារនៅទី នោះផងដែរ។ តែលោក ឡុង ឌីម៉ង់ មិនទាន់ដឹងថា ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការពេល ណា ហើយចំណាយវិនិយោគប៉ុន្មាននោះដែរ៕