(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក មួង ធី អភិបាលស្រុកឱរ៉ាល់ ដើម្បីបន្តធ្វើការផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃការរីករាលនៃវីរុសកូរ៉ូណាថ្មី (កូវីដ១៩) ដែលជាក្តី បារម្ភរបស់ពិភពលោក ជូនដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅតាមមូលដ្ឋាន ភូមិ ឃុំ មួយចំនួន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានដឹកនាំដោយ លោកសាស្រ្តាវេជ្ជបណ្ឌិត យឹម សុបុត្ត្រ, វេជ្ជបណ្ឌិត តូច យ៉ាន លោក វង្ស វ៉ាន់នី, សេងតេង ច័ន្ទម៉ាលី, លោកវេជ្ជបណ្ឌិត កែរ រដ្ឋា, លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី និងលោកវេជ្ជបណ្ឌិត ចៅ ពន្លឺ អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលតំណាងឲ្យលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលស្រុកឱរ៉ាល់។

ជាមួយគ្នាដែរនោះ ក្រុមការងារទាំងអស់ក៏បានណែនាំ ដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។

ក្រៅពីនោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយ ស.ស.យ.ក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានដឹកនាំដោយលោក មួង ធី អភិបាលស្រុកឱរ៉ាល់ ក៏បានចែកអាកុល ដើម្បីទុកជូនដល់ប្រជាពលរដ្ឋក្នុងការលាងសម្អាតដៃសម្រាប់បង្ការនៃការឆ្លងជំងឺកូវីដ១៩។ បន្ថែមពីនេះទៀត ក្រុមការងារទាំងអស់ក៏បានចែកជូន ថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ដូចជាជំងឺសន្លាក់ឆ្អឹង, ក្រពះ និងជំងឺផ្លូវចិត្ត ក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

ជាងនេះទៅទៀត ក្រុមការងារទាំងអស់ ក៏បានចែកជូននំប័ង និងទឹកបរិសុទ្ធសុទ្ធ ជូនប្រជាពលរដ្នចំនួន៣០ខ្នងផ្ទះ សរុបមានចំនួន១៧១នាក់។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយ ស.ស.យ.ក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏បានណែនាំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃមេរោគកូរ៉ូណាថ្មី (កូវីដ១៩) ជាច្រើនទៀតជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលដាក់ឲ្យរួមមាន៖

១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
៦៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៧៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៨៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរក្រៅប្រទេស ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥។

ក្រៅពីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារ ស.ស.យ.ក ស្រុកឱរ៉ាល់ ក៏បានពាំនាំសម្ភារមួយចំនួនដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖

១៖ ម៉ាស៊ីនវាស់កំដៅចំនួន១គ្រឿង សម្រាប់ប្រើនៅរដ្ឋបាល ឃុំសង្កែសាទប
២៖ ទឹកអាកុល ចំំនួន៣ធុងធំ ចំណុះ៩០លីត្រ
៣៖ ទឹកអាកុល និងដបបាញ់ធំ ចំនួន១០ដប
៤៖ ទឹកអាកុល និងដបបាញ់តូច ចំនួន៤០ដប
៥៖ ម៉ាស់ ចំនួន១០០
៦៖ ក្រដាស់រូបភាពផ្សព្វផ្សាយ អំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីត១៩ ចំនួន ១០០សន្លឹក៕