(ភ្នំពេញ)៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសម្តែងនូវក្តីព្រួយបារម្ភ ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងសេវាកម្មវាយតម្លៃ សេវាកម្មគ្រប់គ្រងអចលនវត្ថុ និងសេវាកម្មអចលនវត្ថុ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែរៀបចំ ថាអាចនឹងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។

ការព្រួយបារម្ភរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ស្តែងឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ និងកំណត់ផែនការអនុវត្តសកម្មភាពឆ្នាំថ្មី នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នាសណ្ឋាគារសាន់វេ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន ដើម្បីជំរុញវិស័យអចលនវត្ថុកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។

លោក គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីការគ្រប់គ្រងសេវាកម្មវាយតម្លៃ សេវាកម្មគ្រប់គ្រងអចលនវត្ថុ និងសេវាកម្មអចលនវត្ថុ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រង់ប្រការ-១១ និយាយពីថ្លៃ និងសុពលភាពវិញ្ញាបនប័ត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណ ដែលប្រការនេះ គឺជាច្បាប់ថ្មី ដែលក្រសួងបានកំណត់យ៉ាងច្បាស់អំពីថ្លៃ និងសុពលភាព នៃការធ្វើវិញ្ញាបនប័ត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណ ដែលក្រុមហ៊ុនត្រូវបង់ប្រាក់ពី ១លានរៀល ទៅ ៤លានរៀលក្នុងមួយឆ្នាំ ខណៈមានសុពលភាព៣ឆ្នាំ ។

លោកបន្តថា ជុំវិញការកំណត់ថ្លៃ នៃសេចក្ដីព្រាងច្បាប់ថ្មីនេះ ត្រូវបានតំណាងក្រុមហ៊ុនជាច្រើន សម្ដែងការមិនគាំទ្រ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ ធនធានក្រុមហ៊ុន ពិសេសក្រុមហ៊ុនតូចៗ ដែលមានដើមទុនតិច។ តែយ៉ាងណានេះគ្រាន់តែជាកិច្ចពិភាក្សា ដើម្បីស្ទង់មតិតំណាងក្រុមហ៊ុននីមួយៗ ហើយលោកនឹងរកដំណោះស្រាយជាមួយក្រសួង ដើម្បីធ្វើឲ្យក្រុមហ៊ុនជាសមាជិក របស់សមាគម មានលទ្ធភាពទទួលយកបាន និងបន្ដការងាររួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិបន្ថែមទៀត។

សូមជម្រាបថា បច្ចុប្បន្នសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សមាជិកកើនឡើងដល់៨០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនជាតិចំនួន៦២ និងក្រុមហ៊ុនបរទេសចំនួន១៨ក្រុមហ៊ុន។ នៅឆ្នាំ២០១៦នេះ កម្ពុជាធ្វើជាប្រធានកិច្ចប្រជុំសមាគមអចលនទ្រព្យអាស៊ានផងដែរ៕