(បាត់ដំបង)៖ រថយន្តដឹកម៉ាស៊ីនច្រូតស្រូវ១គ្រឿង បានក្រឡាប់៣ត្រឡប់ ខណៈមានភ្លៀងយប់មិញ ផ្លូវរអិលបណ្តាលឲ្យ សង្កត់មនុស្ស ស្លាប់ម្នាក់និងរបួស៤នាក់ កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នៅចំណុចផ្លូវលំចូល ក្នុងស្ថិតក្នុងក្រុមទី១០ ភូមិព្រៃចែកឃុំកំពង់ព្រះស្រុកសង្កែ ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំចូលក្នុងស្ថិតក្នុង ក្រុមទី១០ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ មានករណីរថយន្ត១គ្រឿងដឹកម៉ាស៊ីនច្រូតស្រូវ មានមនុស្ស៥នាក់ជិះជាមួយចេញ ពីស្រុកមង្គលបូរី មកឃុំកំពង់ព្រះស្រុកសង្កែ ស៊ីឈ្នួលច្រូតឲ្យគេ ពេលមកផ្លូវលំចុះពីជាតិដល់ផ្លូវដីបត់កែងបានរអិល ខណៈយប់មិញ មានភ្លៀងផង បណ្តាលឲ្យក្រឡាប់ខ្លួនឯង ៣ត្រឡប់ហើយសង្កត់មនុស្សម្នាក់ស្លាប់ភ្លាមៗនិង៤នាក់ទៀតរងរបួសស្រាល។

ជនរងគ្រោះដែលបានស្លាប់មានទី១ឈ្មោះ វន វេត ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិជ្រាលឃុំល្វាស្រុពួកខេត្តសៀមរាប ទី២ឈ្មោះ សួស ឡុញ ភេទប្រុសអាយុ១៨ឆ្នាំ ទី៣ឈ្មោះ សម័យ ភេទប្រុសអាយុ២៥ឆ្នាំ ទី៤ឈ្មោះ សាន ភេទប្រុស អាយុ៥៧ឆ្នាំ ៤នាក់នេះ រស់នៅ សៀមរាបជាមួយគ្នា និងទី៥ឈ្មោះ លី ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ(ជាម្ចាស់រថយន្ត)។

ប្រភពបានបញ្ជាក់ថា ក្រោយបានកើតហេតុហើយ សមត្ថកិច្ចមូលដ្ឋានបាននាំគ្នាចុះមកកន្លែងកើតហេតុ និងស្ទូចរថយន្តយកទៅ រក្សាទុក នៅអធិការស្រុក ដើម្បីដោះស្រាយតាមច្បាប់។ ចំណែកជនរងគ្រោះបានស្លាប់សមត្ថកិច្ច ជួយដឹកយកទៅប្រគល់ឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕