(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការដោះស្រាយរឿងបណ្ណបើកបរ និងរឿងកាត់ឈ្មោះយានយន្តច្រើនត គឺជាកាត់ដំបៅមហារីក ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពល រដ្ឋ។

ប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងនៅក្នុងសន្និបាតលើកទី៣៩ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន កម្ពុជា ដែលជាសន្និបាតធ្វើឡើងដើម្បីឆ្លើយតបជាសំខាន់លើបញ្ហារបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦។ ប្រ សាសន៍របស់សម្តេច ត្រូវបានដកស្រង់មកផ្សព្វផ្សាយបន្តដោយ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មាន។

បើតាម Facebook របស់លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «ការជំរុញនីតិរដ្ឋជាតម្រូវការ នៃយុគសម័យ។ តាមពិតតាមរយៈនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និង តាមសំនូមពររបស់ប្រជាជន យើងបានកាត់ចោលនូវដំបៅមហារីកជាច្រើន ដូចជា រឿងបណ្ណបើកបររឿងម្ចាស់យានយន្តច្រើនត។ បើយើងមិនអនុវត្តដំបៅទាំងនេះ នៅតែបន្តរាលដាលរហូត»

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យម្ចាស់យានយន្តទិញច្រើនត មិនត្រូវឲ្យមានការបញ្ជាក់ ពីម្ចាស់ដើមឡើយ នៅពេលទៅកាត់ឈ្មោះយានយន្តរបស់ខ្លួន។ តែទាមទារការទាញយានយន្តក្រោយៗទៀត ត្រូវបានការបញ្ជាក់ ឲ្យបានច្បាស់លាស់រវាងទ្នកទិញ និងអ្នកលក់។ សម្តេចតេជោ ក៏បានប្រកាសលុបចោលការតម្រូវឲ្យប្រជាពលរដ្ឋបើកបរម៉ូតូមានបណ្ណបើកបរម៉ូតូផងដែរ៕