(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញសំណេះសំណាល និងប្រគល់សម្ភារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) សម្រាប់គ្រូពេទ្យជួរមុខ នៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាព ក្នុងខេត្តប៉ៃលិន ដើម្បីចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះ។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្ត ក៏បានបង្ហាញទឹកចិត្តរំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញថា ប្រជាពលរដ្ឋ ពិសេសប្រជាពលករ ដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ជាយថាហេតុណាមួយដល់អ្នកដទៃផង។ លោកបានចាត់ទុកការចូលរួមសហការគ្នានេះ ជាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោកផងដែរ។

នៅក្នុងឱកាសនោះដែរ លោក ស្លេះ យូ ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ ទៅធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្ត។ ជាពិសេសចំពោះប្រជាពលរដ្ឋ និងប្រជាពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ។ លោកជំរុញឱ្យពលរដ្ឋស្តាប់តាមការណែនាំ និងសារអប់រំសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា សម្ភារបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលលោក ផាន់ ចាន់ធុល ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្ត រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្ត ទទួលបានម៉ាស ចំនួន ១០០០ម៉ាស និងមណ្ឌលសុខភាព ទាំង ០៦ក្នុងខេត្ត ដោយមណ្ឌលសុខភាពនីមួយៗ ទទួលបានម៉ាសចំនួន ២០០ម៉ាស ជេលលាងសម្អាតដៃ ចំនួន ០៥ដប និងឧបករណ៍វាស់កំដៅ ចំនួន០១ ផងដែរ៕