(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំង (វិទ្យាល័យប្ញស្សីកែវ និងសាលាបឋមសិក្សាប្ញស្សីកែវ សរុបចំនួន ៨៩បន្ទប់) សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការនី ដែលទើបវិលត្រលប់មកស្រុកកំណើត ដើម្បីការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃ ជម្ងឺកូវីដ-១៩។

លោក ជា ពិសី បានថ្លែងថា ដើម្បីអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ-១៩, ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានត្រៀមលក្ខណៈរួចជាស្រេច ដោយជ្រើសយកទីតាំង (វិទ្យាល័យប្ញស្សីកែវ និងសាលាបឋមសិក្សាប្ញស្សីកែវ សរុបចំនួន ៨៩ បន្ទប់) សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការនី ដែលវិលត្រឡប់ចូលរាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានវិលទៅស្រុកកំណើត អំឡុងពេល ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងមកនេះ។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាងពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លង COVID-19 ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។

លោក ជា ពិសី ក៏បានណែនាំអំពីវិធានការមួយចំនួនក្នុងការការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលរួមមាន៖ ទី១៖ ត្រូវលាងដៃ និងសាប៊ូទឹកស្អាត ឬទឹកអាល់កុលឲ្យបានញឹកញាប់។ ទី២៖ នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។ ទី៣៖ ត្រូវកាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ។ ទី៤៖ ត្រូវជៀសវាងការប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ។ ទី៥៖ ចំពោះអ្នកទើបត្រឡប់មកពីស្រុក ត្រូវរាយការណ៍មកអាជ្ញាធរ ដើម្បីណែនាំឲ្យគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈ១៤ថ្ងៃ។ បើមានស្ថានភាពមិនស្រួលក្នុងខ្លួន និងក្រុមគ្រួសារខ្លួន ត្រូវទៅទំនាក់ទំនងជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា៕