(ត្បូងឃ្មុំ)៖ យោងតាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសមាជិករាជរដ្ឋាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់ លើការប្រយុទ្ធប្រឆាំង នៃការរាលដាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ លោក វេង សាខុន សមាជិករាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ រួមជាមួយសហការី បាននាំយកសម្ភារស្នាក់នៅ សម្រាប់ពលករខ្មែរ ធ្វើមាតុភូមិនិវត្តន៍ នាពេលបច្ចុប្បន្ន និងពេលខាងមុខ រួមជាមួយម៉ាស មកផ្តល់ជូនស្រុកតំបែរ និងជួបសំណេះសំណាល ជាមួយក្រុមការងារស្រុកទប់ស្កាត់កូវីដ-១៩។

តាមសេចក្តីរាយការណ៍របស់ លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឲ្យដឹងដោយសង្ខេបអំពីសកម្មភាពសំខាន់ៗ នៃការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងបទបញ្ជាលេខ ០២ របស់រាជរដ្ឋាភិបាល កន្លងមកថា៖

* ក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ស្រុក បានធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមឧឃោសនស័ព្ទ តាមផ្ទះ តាមរយៈ Facebook និងខិតប័ណ្ណ និងនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ
* បែងចែកក្រុមការងារ ចុះជាប់ទៅតាមឃុំទាំង៧ ចាត់មធ្យោបាយដឹកជញ្ជូនពលករ មកពីក្រៅប្រទេសយកមកស្នាក់នៅដាច់ដោយឡែក
* ការិយាល័យសុខាភិបាល បានបង្កើតក្រុមឆ្លើយតបរហ័យថ្នាក់ស្រុក និងនៅមណ្ឌលសុខភាពទាំង៦
* ចាត់ក្រុមស្រាវជ្រាវលើពលរដ្ឋខ្មែរ ដែលបានទៅចូលរួមពិធីសាសនានៅក្រៅប្រទេស ជនបរទេសមកស្នាក់នៅក្នុងស្រុក និងពលរដ្ឋដែលបានវិលត្រឡប់ ពីការធ្វើចំណាកស្រុក ដែលមានការសង្ស័យថាមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយអ្នកផ្ទុកជំងឺ
* ណែនាំម្ចាស់ក្លឹប ផ្អាកការជួបជុំតាមវត្ត ផ្អាកការថ្វាយបង្គំនៅវិហារ ស៊ូវ៉ាវ សាលារៀនរដ្ឋ និងឯកជន ចុះពិនិត្យការលក់ឧបករណ៍ ធ្វើតេស្តគ្មានការអនុញ្ញាត និងលក់កេងកម្រៃ -ល-។

ដោយឡែក អ្នកទើបមកពីក្រៅស្រុក ត្រូវទុកឲ្យស្នាក់នៅក្នុងកន្លែងចត្តាឡីស័ក១៤ថ្ងៃ ដែលបានរៀបចំនៅគ្រប់ឃុំ សរុបមាន១២អគារ មាន៥៤បន្ទប់ អាចផ្ទុកបាន ២១៦គ្រែ ដោយចំបាច់ត្រូវបំពាក់សម្ភារ បរិក្ខារប្រើប្រាស់ ឲ្យបានគ្រប់គ្រាន់ផងដែរ។

មានមតិសំណេះសំណាល លោកប្រធានក្រុមការងារ វេង សាខុន សូមថ្លែងអំណរគុណ ជូនចំពោះសប្បុរសជន សមាជិកក្រុមការងារដែលបានបរិច្ចាកថវិកា និងសម្ភារ ជួយដល់ក្រុមការ ងារសម្រាប់បម្រើឲ្យសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ លោកបានវាយតម្លៃខ្ពស់ ចំពោះភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់ ក្នុងឆន្ទៈចូលរួមប្រយុទ្ធប្រឆាំងការរាលឆ្លងជំងឺនេះ ក្នុងស្រុកតំបែរទាំងមូល។

នាឱកាសនេះ លោក វេង សាខុន ក៏បានណែនាំដល់ក្រុមការងារ មន្រ្តីសុខាភិបាលត្រូវខិតខំសហការអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាលបន្ថែមទៀត ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះ ឲ្យកាន់តែមានប្រសិទ្ធភាព។ រៀបចំទុកដាក់ និងប្រើប្រាស់ សម្ភារបរិក្ខារឲ្យបានត្រឹមត្រូវ សមស្របតាមវិធានការ អនាម័យ។ ស្ថិតក្នុងបរិបទនេះ យើងក៏ត្រូវយកចិត្តទុក ដាក់ជំរុញផលិតកម្មស្បៀង ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក។

លោកថា ចំពោះសមាជិកក្រុមការងារ ត្រូវសកម្មចុះជាប់មូលដ្ឋាន ដើម្បីពិនិត្យតាមដានរាល់បញ្ហា ដែលអាចកើតឡើងដោយចៃដន្យ និងធ្វើការដោះស្រាយ ឲ្យបានទាន់ពេលវេលា។ ក្នុងគោលបំណងចូលរួម ចំណែកដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងដើម្បីជួយសម្រួលដល់មន្រ្តី និងបងប្អូនប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់ពីការធ្វើចំណាកស្រុក លោកប្រធានបានជួយឧបត្ថម្ភប៉ៅអ៊ីបត់ មុង ភួយ និងខ្នើយ ដែលមួយមុខៗមានចំនួន ១៤០សម្រាប់។

ក្នុងឱកាសនោះ លោកប្រធាន វេង សាខុន ក៏បានជួយឧបត្ថម្ភថវិកាបន្ថែម សម្រាប់ក្រុមការងារថ្នាក់ស្រុក ចំនួន៤លានរៀល ឃុំទាំង៧ ដោយឃុំនីមួយៗ ទទួលបាន១លានរៀល ការិយាល័យសុខាភិបាលស្រុក២លានរៀល និងមន្រ្តីក្រោមឱវាតស្រុក និងឃុំចំនួន៦០នាក់ ម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀលផងដែរ៕