(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ទទូចឱ្យ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បំពេញភារកិច្ចដោយមិនលម្អៀង និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងសេចក្តីណែនាំសម្រាប់ប្រតិបត្តិការ របស់នីតិវិធីពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។

ប្រតិកម្មរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ បានធ្វើឡើងបន្ទាប់ពី លោកស្រី Rhona Smith បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយចោទប្រកាន់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នរបស់កម្ពុជា បង្កគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា «អ្នករាយការណ៍ពិសេស ដែលមិនមែនជាបុគ្គលិកអង្គការសហប្រជាជាតិ ប៉ុន្តែបម្រើការក្នុងសមត្ថភាពផ្ទាល់ខ្លួន គួរតែចៀសវាង ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ ដែលអាចធ្វើឱ្យមតិសាធារណៈភាន់ច្រលំ ដែលមានលក្ខណវិនិច្ឆ័យ និងដែលអាចត្រូវបានចាត់ទុកថា ជាសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ»។

ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយមិនមានមូលដ្ឋានរបស់ លោកស្រី Rhona Smith កម្ពុជាបានបំភ្លឺ៦ចំណុចដូចតទៅ៖

១៖ ការអះអាងរបស់លោកស្រីដែលថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នធ្វើឱ្យគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងបង្ហាញពីការអនុវត្តនូវសិទ្ធិមនុស្សដោយរើសមុខនិងលម្អៀង។ ការពិតគឺថា ច្បាប់នេះត្រូវបានអនុញ្ញាតដោយស្របតាមដោយលិខិតុបករណ៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ មានដូចជា រដ្ឋធម្មនុញ្ញកម្ពុជា (មាត្រា២២ថ្មី មាត្រា៣១ មាត្រា៨៦ និងមាត្រា១០២ថ្មី) សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស(មាត្រា២៩) និងកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា៤)។ល។

២៖ នៅពេលដែលមានការរីករាលដាលឆ្លងមេរោគកូវីដ១៩កាន់តែខ្លាំងទ្បើងនិងឆាប់រហ័ស ថ្នាក់ដឹកនាំនៃប្រទេសយ៉ាងហោចណាស់ចំនួន៧០ នៅទូទាំងពិភពលោក បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ តាមរយៈការដាក់កម្រិតជាបណ្តោះអាសន្នទៅលើសេរីភាពនៃការបំលាស់ទី ការជួបជុំ និងសិទ្ធិឯកជន។ ហេតុដូច្នេះ វាមិនយុត្តិធម៌ទាល់តែសោះក្នុងការរិះគន់កម្ពុជា ចំពោះការរៀបចំឱ្យមានច្បាប់មួយនេះឡើង។

៣៖ ប្រទេសកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិរស់រានមានជីវិត និងសុខភាព ដោយផ្អែកលើសមត្ថភាពជាតិ។ ក្នុងស្មារតីសាមគ្គីភាពនិងមនុស្សធម៌ជាអន្តរជាតិ ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ផ្ទុកអ្នកដំណើរជាង ២.២០០ នាក់ បានចូលចត។ លើសពីនេះ ប្រទេសកម្ពុជាបានផ្តល់ការព្យាបាលដោយមិនគិតថ្លៃ ជូនទាំងជនជាតិខ្មែរ និងបរទេសដែលឆ្លងវីរុសកូវីដ១៩។ តួលេខនៃអ្នកព្យាបាលសះស្បើយសរុបចំនួន៩៨នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ១៩ចំនួន១២២នាក់ (ស្មើនឹង៨០,៣៣%គិតត្រឹមថ្ងៃនេះ) ឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងសមត្ថភាពនៃសេវាសុខាភិបាលសាធារណៈរបស់កម្ពុជា។ ជាការគួរឱ្យសោកស្តាយ អ្នករាយការណ៍ពិសេស និងសហការីរបស់លោកស្រីពុំដែលបានលើកសរសើរកម្ពុជាជាសាធារណៈម្តងណាឡើយ ចំពោះកាយវិការប្រកបដោយមេត្តាធម៌នេះ និងប្រសិទ្ធភាពការងារនៃសេវាសុខាភិបាលកម្ពុជា ដែលសំដៅធានាសិទ្ធិរស់រាននិងមានជីវិតរបស់មនុស្សគ្រប់រូប។ នេះគ្រាន់តែជាករណីមួយប៉ុណ្ណោះ ក្នុងចំណោមករណីជាច្រើន ដែលអ្នករាយការណ៍ពិសេសនិងសហការីលោកស្រីមិនបានរាយការណ៍ឱ្យបានពេញលេញអំពីសមិទ្ធផលរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។

៤៖ ច្បាប់របស់ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍គណនេយ្យភាព សមាមាត្រភាព ភាពចាំបាច់ និងពុំមានការរើសអើង។ សិទ្ធិអំណាចដែលប្រគល់ជូនរដ្ឋាភិបាលក្នុងពេលមានអាសន្ន គឺមិនមែនគ្មានដែនកំណត់នោះឡើយ។ មាត្រា៨៦ និងមាត្រា១០២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីយន្តការត្រួតពិនិត្យ ដោយសភាពីរថ្នាក់របស់ប្រទេសកម្ពុជា។ លើសពីនេះទៀត មន្រ្តីអនុវត្តច្បាប់រូបណាដែលប្រព្រឹត្តតាមទំនើងចិត្ត និងបំពានច្បាប់នេះ ត្រូវទទួលទោសនៅចំពោះមុខតុលាការ។

៥៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងត្រូវយកមកអនុវត្តតែក្នុងស្ថានភាពដែលត្រូវការវិធានការបន្ថែម និងតម្រូវការចាំបាច់បំផុតក្នុងកិច្ចការពារនិងថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលបំណងការពារអាយុជីវិត សុខភាពសាធារណៈ ផលប្រយោជន៍សាធារណៈ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ស្ថានភាពអាសន្ន គឺនឹងត្រូវប្រកាសតែក្នុងរយៈពេលជាក់លាក់មួយ សម្រាប់ការអនុវត្តទូទាំងប្រទេស ឬក្នុងវិសាលភាពភូមិសាស្ត្រខ្លះ ដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរនិងមិនអាចគ្រប់គ្រងបាន។

៦៖ ច្បាប់ត្រូវចែងអំពីការដាក់ទោសទណ្ឌ ចំពោះការមិនអនុវត្តតាម ប្រសិនបើយើងចង់ធានាឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការសម្រេចនិងកម្រិតនៃការដាក់ពិន័យគឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើស្ថានទម្ងន់ទោស មិនមែនផ្អែកលើស្ថានភាពសេដ្ឋកិច្ចទេ។ នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរស្មើភាពគ្នាចំពោះមុខច្បាប់ ដោយពុំប្រកាន់និន្នាការនយោបាយ មុខងារ ឬឋានៈសង្គម ដូចមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ។ បើប្រៀបធៀបជាមួយបណ្តាប្រទេសអាស៊ីនិងអ៊ឺរ៉ុបនានា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នរបស់កម្ពុជា មានភាពធូរស្រាលជាង ពាក់ព័ន្ធនឹងសិទ្ធិអំណាចនិងទោសទណ្ឌ។

សូមបញ្ជាក់ថា «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ហើយត្រូវបានព្រឹទ្ធសភាឱ្យយោបល់គាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របពេលដែលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក៏ដូចជាពិភពលោក កាន់តែធ្ងន់ធ្ងរឡើង ខណៈដែលប្រទេសមួយចំនួន ក្នុងនោះក៏មានសមាជិកអាស៊ានផងដែរ បានប្រកាសដាក់ប្រទេសរបស់ខ្លួនឱ្យស្ថិតនៅក្នុងភាពអាសន្នរួចទៅហើយ នៅពេលមានការផ្ទុះឡើងនូវជំងឺនេះ ក្នុងប្រទេសរបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា ទោះបីជាសេចក្តីព្រាងច្បាប់នេះ ចូលជាធរមាន ក៏មិនមែនមានន័យថា ប្រទេសកម្ពុជា ត្រូវប្រកាសដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្នភ្លាមៗដែរ ដោយរង់ចាំមើលស្ថានការណ៍តទៅមុខទៀត៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់កម្ពុជា តបទៅនឹងលោកស្រី រ៉ូណា ស្មីត៖