(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៣នាក់ ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៩នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ចំពោះករណីអ្នកជាសះស្បើយចំនួន៥នាក់រួមមាន៖

* ជនបរទេស៣នាក់ ដែលជាភ្ញៀវមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ក្នុងនោះជនជាតិអាមេរិកាំង២នាក់ និងអង់គ្លេសម្នាក់។
* បុរសជនជាតិកាណាដាម្នាក់ អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយ នៅកោះពេជ្រ ស្នាក់នៅបុរីកោះពេជ្រ។
* បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលមានទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុមមោងប្ញស្សី ខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពិនិត្យអវិជ្ជនៃជំងឺកូវីដ១៩ មានចំនួន២ដង។