(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់អំណោយលើកទី៣ មានអង្ករ ចំនួន៣៧៥តោន បណ្ណប្រកាសចំនួន ២០,០០០សន្លឹក អាល់កុលចំនួន ១១,៦០០លីត្រ, ម៉ាស់ចំនួន ១២,០៨០ ប្រអប់ ស្មើនឹង ៦០៤,០០ ម៉ាស់ និងថវិកា ២០,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត ។

អំណោយដែលប្រគល់ជូននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺសម្រាប់បំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះមន្ត្រី បុគ្គលិកសាខាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញើដល់ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់។

ជាពិសេស លោកស្រីបានណែនាំឲ្យយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ៕