(កំពង់ធំ)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចនគរបាល ខេត្តកំពង់ធំបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងដោយ រថយន្តក្រុងដឹកភ្ញៀវទេសចរមួយគ្រឿង បានបើកធ្លាក់ផ្លូវក្រឡាប់ផ្ងាជើង នៅម៉ោង ៤៖៥៧នាទីទៀបភ្លឺ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះនៅ ចំណុចភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់នោះ មិនបណ្តាលឲ្យមានអ្នកស្លាប់ទេ តែបានបណ្តាលឲ្យ រងរបួសធ្ងន់ភ្ញៀវទេសចរ ជនជាតិហូឡង់ម្នាក់ និងរបួសស្រាលជនបរទេស ៤នាក់ផ្សេងទៀត ព្រមទាំងជនជាតិខ្មែរម្នាក់ផងដែរ។ ចំណែកអ្នកបើកបរបន្ទាប់ពី កើតហេតុភ្លាមៗ ក៏រត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុការណ៍បង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះដោយសារអ្នកបើកបរធ្វេសប្រហែស និងខ្វះការ ប្រុងប្រយ័ត្ន ពេលភ្លៀងធ្លាក់ខ្លាំង៕