(កំពង់ឆ្នាំង)៖ នៅក្នុងទីផ្សារបច្ចុប្បន្ននេះ មាន់ស្រែពិតជាមានតម្រូវការជាចាំបាច់ ស្របពេលទីផ្សារកំពុងតែមានការខ្វះខាតនូវការផ្គត់ផ្គង់ត្រីសាច់ មាន់ ទា ក្នុងទីផ្សារមិនគ្រប់គ្រាន់ មូលហេតុដោយសារការកាត់បន្ថយ នៃការនាំចូលពីក្រៅប្រទេស ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។

ហេតុនេះហើយទើបបច្ចុប្បន្ននេះ កសិករម្នាក់ៗនៅតាមសហគមន៍ បានចាប់មុខរបរចិញ្ចឹមមាន់ស្រែបែបសាមញ្ញៗ កាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារទៅតាមតម្រូវការ នាពេលបច្ចុប្បន្ននេះ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដែលបានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ ឲ្យនាំគ្នាបង្កបង្កើនផល ជាពិសេសលើកទឹកចិត្តដល់ប្រជាកសិករក្នុងការចិញ្ចឹមសត្វ ទៅតាមតម្រូវការទីផ្សារជាចាំបាច់នាពេលបច្ចុប្បន្ន។

ស្ត្រីជាប្រជាកសិករម្នាក់ នៅក្នុងភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បាននិយាយថា កន្លងមកគាត់ចិញ្ចឹមមាន់ស្រែបែបសាមញ្ញៗបន្តិចបន្តួច ដែលអាចផ្គត់ផ្គង់គ្រួសារ ដោយមិនចាំបាច់ទិញគេតែប៉ុណ្ណោះ។ ប៉ុន្តែមួយរយៈនេះ ដោយសារតម្លៃនៅក្នុងទីផ្សារមាន់ស្រែ មានតម្លៃថ្លៃជារៀងរាល់ថ្ងៃ ទើបគាត់ឆ្លៀតចិញ្ចឹមដោយខ្លួនឯង ដោយដាក់មេពី៥ទៅ ៧ក្បាល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

បច្ចុប្បន្ននេះបន្ទាប់ពីមានការជំរុញ និងលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ដល់ប្រជាកសិករនៅតាមបណ្ដាសហគមន៍ ក្នុងការបង្កើន នៃការចិញ្ចឹមសត្វមាន់ ទា ត្រី និងដាំបន្លែបង្ការផ្សេងៗ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារផង និងដើម្បីឆ្លើយតបទៅតាមតម្រូវការ នៅតាមទីផ្សារផងនោះ ទើបគាត់និងគ្រួសារបានចាប់ផ្ដើមទិញមេមាន់ចំនួន១០ក្បាលបន្ថែមទៀត យកមកចិញ្ចឹមថែទាំ និងឆ្លៀតពេលខ្លះដាំបន្លែបង្ការផង សម្រាប់ដោះស្រាយក្នុងគ្រួសារ និងមួយចំណែកទៀត យកទៅលក់នៅទីផ្សារផងដែរ ដោយសារតែពេលនេះទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់ ស្រោចស្រពមកលើផ្ទៃដីជាបណ្ដើរៗហើយ។

ស្រ្តីរូបនេះបានឲ្យដឹងទៀតថា ការចិញ្ចឹមមាន់ស្រែកន្លងមកនេះ ដោយបានទទួលផលជាបង្គួរផងដែរ ព្រោះតែការចិញ្ចឹមនេះ គឺចិញ្ចឹមទៅតាមបច្ចេកទេស ព្រោះគាត់បានធ្វើវ៉ាក់សាំងចាក់ និងឲ្យចំណីធម្មជាតិស៉ី មានស្រូវ កន្ទុក ចុងអង្ករ ស្ងោរជាមួយបន្លែមាន ពោត សណ្តែក ត្រកួន និងដើមចេកជាដើម។ ឥឡូវនេះ គាត់បានសាកល្បងទិញទូរភ្ញាស់កូនមាន់ស្វ័យប្រវត្តិមួយ ដោយប្រមូលពងមាន់ស្រែមកភ្ញាស់ ដែលក្នុង២១ថ្ងៃ គាត់អាចភ្ញាស់កូនមាន់បានជាច្រើនក្បាល ហើយចិញ្ចឹមកូន មាន់នោះបានពី៣ ទៅ៤សារនៅក្នុង១ ឆ្នាំៗ ដែលអ្នកបច្ចេកទេសនៃការចិញ្ចឹមមាន់ បានណែនាំដល់ពួកគាត់។

កសិករចិញ្ចឹមមាន់ស្រែខាងលើ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ សូមជួយគាំទ្រទិញមាន់ស្រែ និងបន្លែសុវត្ថិភាព យកទៅទទួលទានពិតជាមានសុខភាពល្អនៅ ក្នុងក្រុមគ្រួសារជាក់ជាមិនខាន ពោលអាចជៀសឆ្ងាយពីជំងឺដង្កាត់នានា ហើយនឹងនាំមកនូវសុខមាលភាពដល់ក្រុមគ្រួសារ ដោយមិនខាតបង់ថវិកា នៅក្នុងក្រុមគ្រួសារទៀតផង។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះថា ដោយអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លោកបានផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ នៅតាមបណ្ដាមូលដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ឲ្យយកចិត្តទុកដាក់ក្នុងការចិញ្ចឹមសត្វឲ្យបានផុសផុល ដើម្បីសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ផង ក៏ដូចជាសម្រាប់តម្រូវការនៅតាមទីផ្សារផងដែរ។

ទន្ទឹមនឹងនោះ លោកក៏បានរៀបចំចងក្រងបណ្ដុំក្រុមសហគមន៍ ទាំងអ្នកចិញ្ចឹមសត្វ ទាំងអ្នកដែលទិញសត្វយកទៅហូប ធ្វើយ៉ាងណាឲ្យទទួលបាននូវផលប្រយោជន៍ដូចគ្នា។ លោកបានបន្តទៀតថា មកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០នេះ សាច់មាន់ស្រស់ ១គីឡូក្រាម ថ្លៃ១៧០០០រៀល សាច់ទាធម្មតារស់ ១គីឡូក្រាម ថ្លៃ១០០០០រៀល និងទាកាប៉ារស់ ១គីឡូ ក្រាម១២០០០ រៀល។

ដោយឡែកចំនួនសត្វត្រូវបានសម្លាប់យកសាច់នៅទូទាំងខេត្ត សរុបកើនដល់៣លានក្បាលក្នុង១ឆ្នាំ ដែលអាចបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំងបាន និងអាចនាំចេញទៅលក់នៅខេត្តផ្សេងៗផងដែរ៕