(ភ្នំពេញ)៖ បើទោះជាមានការប៉ះពាល់បញ្ហាខ្លះៗ ដោយសារតែជំងឺ COVID-19 យ៉ាងណាក៏ដោយនោះ អាកាសព្រលានយន្តហោះភ្នំពេញថ្មី ដែលមានទីតាំងនៅលើទឹកដីខេត្តកណ្តាល និងតាកែវ នៅតែបន្ដដំណើរការសាងសងជាធម្មតា ខណៈដែលបច្ចុប្បន្នសម្រេចបានជាង ៣០ភាគរយហើយ។ នេះបើតាមអះអាង របស់លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ការអះអាងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និសីទសារ ព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ការអភិវឌ្ឍន៍អាកាសយានដ្ឋានភ្នំពេញថ្មី នៅតែបន្ដដំណើរការ ប៉ុន្ដែមានផ្ដល់ប៉ះពាល់ខ្លះ ពីជំងឺ COVID-19 ដោយសារតែអ្នកជំនាញ ចិនមួយចំនួន ដែលក្នុងនោះភាគច្រើនជាក្រុមហ៊ុនចិន អីចឹងដោយសារតែអ្នកជំនាញទៅស្រុក ហើយពិបាកត្រឡប់មកវិញ ដូច្នេះមានការយឺតយ៉ាវ ប៉ុន្ដែដំណើរការធម្មតា ប៉ុន្ដែយឺតជាងមុនមានជំងឺ COVID-19 ប៉ុន្ដែនៅដំណើរការសាងសង់បន្ដរហូត មកដល់ពេលនេះ អាកាសយានដ្ឋានភ្នំពេញថ្មីនេះបាន៣០ភាគរយហើយ»

ជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរូបនេះ ក៏បានច្រានចោលចំពោះព័ត៌មានមួយចំនួន ដែលថា អាកាសព្រលានយន្តហោះភ្នំពេញថ្មី ត្រូវបានប្ដួរទីតាំង គឺជាព័ត៌មានមិនពិតនោះឡើយ ខណៈដែលដំណើរការសាងសង អាកាសព្រលានយន្តហោះភ្នំពេញថ្មីនេះ កំពុងតែបន្ដដំណើរការសាងសង់ជាធម្មតា។

ពាក់ព័ន្ធនឹងការបញ្ចប់គម្រោង សាងសង់ព្រលានយន្ដហោះភ្នំពេញថ្មីនេះវិញ? លោកបានលើកឡើងថា «តាមការប្រកាសរបស់អគ្គនាយក ក្រុមហ៊ុន OCIC ដែលជាអ្នកមានភាគហ៊ុនធំជាងគេ គាត់ថាដំណាក់កាលទី១ នឹងត្រូវបញ្ចប់មុនឆ្នាំ២០២២ អីចឹងយើងត្រូវស្ដាប់គាត់ គាត់លើកឡើងចឹង [...] ដំណើរការអភិវឌ្ឍន៍ គឺយើងឃើញទៅមុខជានិច្ច អីចឹងយើងសង្ឃឹមថា ដំណាក់កាលទី១ អាចបញ្ចប់ទៅតាមការគ្រោងទុករបស់គាត់»

បើតាមការឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា ព្រលានយន្តហោះភ្នំពេញថ្មី ដែលមានទីតាំង នៅលើទឹកដីខេត្តកណ្តាល និងតាកែវនេះ គឺចែកជា២ ដំណាក់កាល ធំៗ ដោយដំណាក់កាលទី១ ព្យាករណ៍ថា នៅឆ្នាំ២០៣០ នឹងទទួលបានអ្នកដំណើរ១៣លាននាក់ ហើយដំណាក់កាលទី២ នៅឆ្នាំ២០៥០ នឹងទទួលបានអ្នកដំណើរ៣០លាននាក់។

គួររំលឹកថា គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ ត្រូវបានប្រកាសឡើង ក្នុងដំណើរទេស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិនផងដែរ។

ព្រលានយន្តហោះថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ។

ដោយឡែក ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះ ទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារ ជារបស់ក្រុមហ៊ុន OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕