(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវមួយដល់ប្រជាពលរដ្ឋខ្មែរ ពលករ ពលការិនីដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ត្រូវគោរពច្បាប់ប្រទេសនោះឲ្យបានល្អ ជៀសវាងប្រព្រឹត្តអ្វីដែលជាអំពើល្មើស គ្រាដែលប្រទេសគេកំពុងជួបគ្រោះអាសន្ន។

តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានផ្ដោតការយកចិត្ដទុកដាក់ខ្លាំង ចំពោះពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ត្រូវគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុម ដែលពេលនេះប្រទេសគេ កំពុងមានការហាមឃាត់តឹងរឹងបំផុត ក្នុងការទប់ស្កាត់ការចម្លងរោគ COVID-19។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អ្វីដែលសំខាន់នៅពេលនេះ គឺសុវត្ថិភាព សុខភាព អាយុជីវិតរបស់ពលករ ពលការិនីផ្ទាល់ខ្លួនឯងតែម្ដង ដែលទាមទារឲ្យមានការយោគយល់ និងគោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសភាគច្រើន បានដាក់ចេញនូវបទបញ្ញត្តិ និងបម្រាមដ៏តឹងរឹង។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានជូនពរឆ្នាំថ្មី ជូនដល់បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស សូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំណាងដល់បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លង COVID-19 គ្រប់ៗគ្នា។

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រ Facebook៖ «ជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស។
សុខសប្បាយជាទេ បងប្អូនជនរួមជាតិ។ អរគុណចំពោះការយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។ សូមកូនក្មួយកុំធ្វើអ្វីដែលខុសច្បាប់នៅក្នុងប្រទេសគេ ដែលកំពុងដាក់ក្នុងគ្រាអាសន្នឲ្យសោះ។

ទន្ទឹមនឹងនេះដែរ សូមអំពាវនាវដល់បងប្អូនកូនក្មួយ និងពលករ ពលការិនី ដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញរួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុមដែលពេលនេះ ប្រទេសគេកំពុងមានការហាមឃាត់តឹងរឹងបំផុត ក្នុងការទប់ស្កាត់ការចម្លងរោគកូវីដ-១៩។

សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិភាពសុខភាពអាយុជីវិតបងប្អូនកូនក្មួយពលករ ពលការិនីផ្ទាល់។ សូមបងប្អូនយោគយល់ និងគោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសភាគច្រើន បានដាក់ចេញនូវបទបញ្ញត្តិ និងបម្រាមដ៏តឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

សូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំណាងដល់បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗគ្នា»