(កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ គណៈប្រតិភូខេត្តកំពង់ធំដឹកនាំដោយលោក ព្រឹម រដ្ឋា អភិបាលរងខេត្កំពង់ធំ អមដំណើរដោយថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរពាក់ព័ន្ធនានា បានអញ្ជើញធ្វើដំណើរមកតំបន់ព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើម្បីរង់ចាំទទួលនៃការវិលត្រឡប់នៃពលករពលការិនី ដែលបានវិលត្រឡប់មកស្រុកកំណើតនៅខេត្តកំពង់ធំ ចាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ក្នុងឱកាសរង់ចាំពលករដែលទើបត្រឡប់ពីប្រទេសថៃ នាពេលនោះលោក ព្រឹម រដ្ឋា បានលើកឡើងថា បញ្ហាពលករចំណាកស្រុកមកពីថៃ គឺជាកង្វល់របស់រាជរដ្ឋាភិបាលដូចជាអាជ្ញាធរខេត្តកំពង់ធំ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរួចចាកផុតអំពីជំងឺកូវីដ១៩ ដោយមានសកម្មភាពដូចជាការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ តាមរយៈគ្រូពេទ្យជំនាញណែនាំប្រជាពលរដ្ឋឱ្យអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ហើយមន្ត្រីជំនាញរបស់សុខាភិបាល និងអាជ្ញាធរខេត្តនីមួយៗ យកចិត្តទុកដាក់ចំពោះពលករ បានន័យថា ត្រូវយកគាត់ មកពិនិត្យសុខភាពឱ្យបានល្អិតល្អន់ការត្រួតពិនិត្យ នេះទៀតសោត គឺធ្វើជាច្រើនលើកច្រើនសារមុន និងអនុញ្ញាតឱ្យធ្វើដំណើរ ទៅកាន់ស្រុកកំណើតរៀងៗ ខ្លួន។

លោក ព្រឹម រដ្ឋា ក៏បានអប់រំណែនាំដល់បងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមថែរក្សាសុខភាព ដោយប្រកាន់ឱ្យខ្ជាប់ខ្ជួនអនាម័យ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវលាងដៃ និងសាប៊ូឱ្យបានញឹកញាប់ ប្រសិនបើមានរោគសញ្ញាមួយចំនួនដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។ ការធ្វើបែបនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ១៩ ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា គណៈប្រតិភូខេត្តកំពង់ធំ បានរៀបចំទទួលពលករ ពលការិនីវិលត្រឡប់មកពីប្រទេសថៃ រួមមានច្រកអូស្មាច់ ខេត្តឧត្តមានជ័យ, ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកដូងហៅឡែម ខេត្តបាត់ដំបង។ ជាលទ្ធផលគិតត្រឹមថ្ងៃទី១០ រហូតដល់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង១២.៣០នាទី មានបងប្អូនជាពលរដ្ឋវិលត្រឡប់ មកពីប្រទេសថៃ មានចំនួន១១៤នាក់ ស្រី៣៤នាក់៕