(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅតាមព្រំដែនជួរមុខទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ (COVID-19)។

ការក្រើនរំលឹកបែបនេះរបស់លោកឧត្តមសេនីយ៍ឯក គង់ សាលី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយមន្រ្តីសុខាភិបាលរបស់កងពលតូចថ្មើរជើងលេខ៤១ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ដែលមានការទទួលស្វាគគមន៍ពីលោកវរសេនីយ៍ទោ ឌុច វឌ្ឍនា នាយការិយាល័យសុខាភិបាលកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងនាយទាហាន និងពលទាហានជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក គង់ សាលី បានផ្តាំផ្ញើកងទ័ពឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុស COVID-19 ដែលបច្ចុប្បន្នពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកំពុងយកចិត្តទុក ដាក់ទប់ស្កាត់ និងបញ្ចៀស នៃការរីករាលដាលជំងឺដ៏កាចសាហាវនេះ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានជំរុញដល់គ្រប់បណ្តាលស្ថាប័ន និងអំពាវនាវ ដល់សប្បុរសជន ចូលរួមថវិកាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះ។ ដូច្នេះហើយកងទ័ពក៏បានចូលដ៏សកម្ម សហការជាមួយសមត្ថកិច្ច អាជ្ញាធរ និងមន្រ្តីសុខាភិបាល ចុះពិនិត្យដល់ប្រជាពលរដ្ឋ នៅតាមបណ្តាលភូមិដែលស្ថិតនៅ តំបន់ឈរជើងរបស់ខ្លួន។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ឌុច វឌ្ឍនា តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានដាក់បទបញ្ជាឱ្យមន្រ្តីសុខាភិបាល កងពល ចុះពិនិត្យវាស់កំដៅជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំនួន ១៥ភូមិ ស្មើនឹង៣០១២នាក់ តែពុំមាននណាម្នាក់សង្ស័យកើតជំងឺកូវីដ១៩ នោះទេ។

ជាមួយគ្នានោះ លោកបានអប់រំណែនាំឱ្យប្រជាពលរដ្ឋត្រូវថែរក្សាអនាមយ័ក្នុងការរស់នៅ ពិសេសត្រូវគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែឱ្យបានទៀងទាត់ការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩៕