(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអតីតប្រធានក្រុមមិត្តភាពសភាកម្ពុជា-សហរដ្ឋអាមេរិក បានបង្ហាញទស្សនៈសុទិដ្ឋិនិយមច្រើន ចំពោះបេសកកម្មការទូតរបស់លោក វីលៀម អេ.ហៀត ( William A. Heidt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ដែលទើបតែងតំាងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោក ឈាង វុន រំពឹងថា អាណត្តិការទូតរបស់លោក William A. Heidt នឹងនាំមកនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អ ខុសពីបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អាណត្តិមុន ដែលយកបញ្ហានយោបាយជាគោលដៅ មិនបានគិតពីបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា ឱ្យបានស៊ីជម្រៅ។

លោក ឈាង វុន បានលើកឡើងបន្ទាប់ពីបានពិភាក្សាជាមួយលោក William A. Heidt នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះថា «ដោយសារឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកអាណត្តិមុន បានលូកដៃចូលកិច្ចការនយោបាយកម្ពុជា និង បានធ្វើការងារហួសពីភារកិច្ចការទូតនេះហើយ បានជាយើងសង្កេតឃើញថា ចំណងមិត្តភាព កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក មិនសូវបានរីកចម្រើន និងពង្រឹងឱ្យបានល្អប្រសើរសោះ។ ប៉ុន្តែតាមអ្វីដែលជាទស្សនៈ និងឆន្ទៈរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី ឯកឧត្តមបានគិតគូរ ពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ហើយជំរុញឱ្យវិស័យទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទំាងពីរ ឱ្យរីកចម្រើនល្អ»។

ក្នុងជំនួបនេះ លោក ឈាង វុន បានលើកឡើងយ៉ាងស៊ីជម្រៅ ពីបញ្ហាសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងកម្ពុជា និង អាមេរិក។

លោក ឈាង វុន បានវាយតម្លៃខ្ពស់ ចំពោះនយោបាយការទូតសហរដ្ឋអាមេរិកថ្មី ចំពោះកម្ពុជា ដែលនឹកដល់ផលប្រយោជន៍សង្គម និង ប្រជាជនកម្ពុជាជាធំ។ លោកបានចាត់ទុកថា នេះជារបត់នយោបាយថ្មី នៃសហរដ្ឋអាមេរិក ចំពោះកម្ពុជា និងសង្ឃឹមថា នឹងធ្វើការយ៉ាងជិតស្និទ្ធថែមទៀត ដោយមានការសន្ទនាគ្នាញឹកញាប់ជាមួយនឹងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt។

លោក ឈាង វុន បានសម្តែងការអបអរសាទរ និងជូនពរដល់ឯកឧត្តមអគ្គរដ្ឋទូតថ្មី ទទួលបានជោគជ័យត្រចះត្រចង់ក្នុងបេសក កម្មការទូតនៅកម្ពុជា៕