(ភ្នំពេញ)៖ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺ COVID-19 នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយព្រះគង់ នៅវត្តទួលទំពូង បានចុះចែកទឹកអាល់កុល៦៦០ដប និងម៉ាស៦៦០ ដល់អ្នកដំណើរ នៅតាមផ្លូវម៉ៅសេទុង វត្តទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

ខណៈដែលផ្តល់ទឹកអាល់កុល និងម៉ាស ជូនដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ដោយឥតគិតថ្លៃនោះ លោក អាំងសិរីពិសិដ្ឋ ក៏បានប្រាប់ដល់ពួកគាត់ថា ជំងឺកូវីដ១៩ ជាជំងឺកាចសហាវ នាបច្ចុប្បន្នបង្កឲ្យមនុស្សគ្រប់ស្រទាប់ទទួលរងជំងឺ និងឈឺស្លាប់ បើគ្មានទទួលសេវាព្យាបាល ទាន់ពេលវេលា ដូចនេះដើម្បីបញ្ជៀសជំងឺនេះ បងប្អូនត្រូវឧស្សហ៍បាញ់លាងដោយទឹកអាល់កុល ឬលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់។

លោកបន្ដទៀតថា លើសពីនោះទៀត ពេលប្រាស្រ័យទំនាក់ទំនង ត្រូវពាក់ម៉ាស ឬក្រម៉ា បើគ្មានករណីចាំចាច់ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន ពេលសង្ស័យមានជំងឺ អ្វីគួររួសរាន់ទៅប្រឹក្សា ជាមួយគ្រូពេទ្យដែលនៅជិត ធ្វើអនាម័យខ្លួនប្រាណ ជាប់ជាប្រចាំ ។

ជាមួយគ្នានេះផងដែរ លោកអភិបាលរងខណ្ឌ ក៏បានលើកឡើងពីគ្រោះថ្នាក់ នៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ មកទទួលទឹកអាល់កុលនាពេលនេះ ដែលមកដល់បច្ចុប្បន្ន បានរីករាលដាលស្ទើរគ្រប់ប្រទេសលើសកលលោក បើទោះបីប្រទេសកម្ពុជា មិនទាន់ធ្ងន់ធ្ងរនៅឡើយ ហើយមានអ្នកជាសះស្បើយ ជាច្រើនហើយក្តី តែមិនទាន់មានសញ្ញាណាមួយថា ជំងឺនេះស្រាកស្រាន្តនៅឡើយទេ។

លោកថា ហេតុនេះ យើងត្រូវចូលរួមយ៉ាងសកម្ម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបន្តទៀតតាមបទបញ្ជា និងសេចក្តីសម្រេចផ្សេងៗ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវរស់នៅអនាម័យខ្ជាប់ខ្ជួនលាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស ការដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល ១៤ថ្ងៃ បន្ទាប់ពីវិលត្រលប់ពីក្រៅប្រទេស ហើយជាពិសេសនោះ គឺជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន។

លោកអភិបាលរងខណ្ឌចំការមន បានបន្ថែមទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់នូវវីរុស COVID-19 នេះសូមបងប្អូនប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើ ការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការក្នុងការការពារ នៃការឆ្លងមេរោគកូវីដ ១៩នេះ ។

ក្នុងឱកាសនោះដែរ លោក អាំង សិរីពិសិដ្ឋ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុស COVID-19 នេះ។

លោកបានបន្តថា យើងត្រូវរក្សាប្រក្រតីភាពការរស់នៅប្រចាំថ្ងៃ ត្រូវចេះជួយយកអាសារគ្នា ការពារសុខភាពផ្ទាល់ខ្លួន និងគ្រួសារ សុខភាពសាធារណៈ ដើម្បីបង្ការទប់ស្កាត់ដាច់ខាត មិនឲ្យជំងឺនេះឆ្លងរីករាលដាលនៅក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលនៃបុណ្យចូលឆ្នាំថ្មីនេះ សូមអំពាវនាវឲ្យបងប្អូនទាំងអស់ ប្រកបការងារជាធម្មតា និងមិនគួរធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទៀតឡើយ៕