(កំពង់ចាម)៖ ប្រធានសហគមន៍កសិកម្មសំបូរមានជ័យដឹកនាំដោយ លោក ឆេង ថុង នៅព្រឹកថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២០នេះ បាននាំថវិកាចំនួន ២.០០០.០០០រៀល ប្រគល់ជូនគណៈ កម្មការប្រឆាំងជំងឺកូរវីដ១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 នេះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺCOVID-19 ខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់តំណាងសហគមន៍កសិកម្ម សំបូរមានជ័យ ដែលបានប្រមូលថវិកា រួមគ្នាយកមកផ្តល់ជូនគណៈកម្មការប្រឆាំងជំងឺCOVID-19 ខេត្តកំពង់ចាម។

លោកចាត់ទុកថា សកម្មភាពមនុស្សធម៌នេះផងដែរ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺCOVID-19 ដែលជាការជួយ រំលែកទុក្ខលំបាក ការខ្វះខាត របស់ប្រជាពលរដ្ឋ ក្នុងគោលបំណងការពារទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការរីករាលដាល នៃជំងឺនេះ។

គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុប១២២នាក់ ក្នុងនោះចំនួនអ្នកជាសះស្បើយ កើនឡើងរហូតដល់៩៦នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាល ចំនួន២៦នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕