(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ការដ្ឋានគម្រោងស្ថាបនាផ្លូវក្រោមដី ស្តុបបេកាសេ (ស្តុបធនាគារកាណាឌីយ៉ា) បាននិងកំពុងដំណើរការ ខួងដីធ្វើតេស្តស្រទាប់ដីហើយ នេះបើតាម Facebook Page ផ្លូវការរបស់លោក។

នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស និងសហការី បានចុះពិនិត្យមើលទីតាំងសាងសង់ ផ្លូវក្រោមដីខាងលើនេះ ផងដែរ បន្ទាប់ពីគំនូរប្លង់ផ្លូវក្រោមដី ត្រង់ចំនុចប្រសព្វស្តុបបេកាសេ ត្រូវបានបងប្អូនប្រជាពលរដ្ឋ បារម្ភនឹងការបាត់បង់ដើមឈើធំៗ ចាស់ៗនៅសួនច្បារតាមបណ្តោយផ្លូវក្រមួនស។

ផ្លូវក្រោមដីនៅស្តុបបេកាសេ ឬហៅម្យ៉ាងទៀតថា ស្តុបធនាគារកាណាឌីយ៉ា ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសហព័ន្ធរុស្ស៊ីនិង មហាវិថីមុនីវង្ស ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកភាពឲ្យស្ថាបនាហើយ ដើម្បីសម្រួលដល់ចរាចរណ៍របស់ ប្រជាពលរដ្ឋឆ្លងកាត់ ស្តុបនេះ។ ផ្លូវក្រោមដីរត់ពីមហាវិថីសហព័ន្ឋរុស្សីមុជក្រោម មហាវិថីព្រះមុនីវង្ស ជាផ្លូវក្រោមដីទ្វេរទិសមានប្រវែង៣៤០ម៉ែត្រ ទទឹង ១៤.៧ម៉ែត្រ និងកម្ពស់ក្រោមស្ពាន៥ម៉ែត្រ៕