(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជំនួសមុខឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអគ្គនាយកក្រុមហ៊ុន និងបុគ្គលិករបស់ក្រុមហ៊ុន បារី (ថិចសាស ធូប៊ែកខូ ខាំបូឌា) ដែលមានសណ្តានចិត្តរួមចំណែកទុករួមសុខជាមួយគ្នា ខណ:ដែលប្រទេសជាតិកំពុងតែប្រឈម វិបត្តិយាយីដោយជំងឺឆ្លងដ៏កាចសាហាវ កូវីដ១៩។

អង្ករចំនួន ៥០តោននេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនបារី (ថិចសាស ធូប៊ែកខូខាំបូឌា) ដឹកតាមរថយន្តមកប្រគល់ដល់សាលាខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដោយមានវត្តមានរងចាំទទួលផ្ទាល់ពីអភិបាលខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនររូបទៀត ក្នុងបរិយាកាសកាយវិការមនុស្សធម៌ភ្ជាប់ជាមួយភាពរីករាយស្និទស្នាល។

ក្នុងឱកាសទទួលបានការឧបត្ថមជាអង្ករ ៥០តោន ពីក្រុមហ៊ុនបារី (ថិចសាសធូប៊ែកខូខាំបូឌា) ដើម្បីរួមចំណែកប្រឆាំងមេរោគកូវីដ១៩នេះដែរ លោកអភិបាល ម៉ូវ ម៉ានិត បានចាត់ទុក ទឹកចិត្តចូលរួមរបស់ក្រុមហ៊ុនពិតជាបានបង្ហាញពីការគិតគូយកចិត្តទុកដាក់ទាំងស្មារតី សំភារៈ ជាមួយអាជ្ញាធរមូលដ្ឋាន។

ក្នុងនាមរដ្ឋបាលខណ្ឌសែនសុខ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ដែលបានរួមចំណែកជាមួយអាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕