(បន្ទាយមានជ័យ)៖ ភ្លៀងមួយមេលាយខ្យល់កន្ត្រាក់ ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ ៣៣ខ្នងខូចខាត និងប៉ើងដំបូលរោងចក្រមួយចំនួន រួមទាំងដើមឈើជាច្រើនត្រូវបានបាក់ កាលពីល្ងាចថ្ងៃទី១២ ខែមេសា នៅក្នុងភូមិអូរឫស្សី និងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមេសាថា គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពីល្ងាចម្សិលមិញ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិអូរនាង ១៦ខ្នង និងភូមិអូរឫស្សី ១៧ខ្នង ដែលបានធ្វើឲ្យផ្ទះពលរដ្ឋ ខ្លះរបើកដំបូលស័ង្កសី ដំបូលក្បឿង ខ្លះ ត្រូវដួលរាបដល់ដី បាក់បង្គោលភ្លើង១ដើម និងដួលទ្រៀត ចំនួន ៤ដើម តែគ្រោះធម្មជាតិនេះមិនបណ្ដាលឲ្យមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។

លោកបានបន្តថា ក្រោយពីអាជ្ញាធរសមត្ថកិច្ចចុះទៅពិនិត្យឃើញថា ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ដោយឃើញថា ពួកគាត់ខ្វះខាតខ្លាំងគ្មានលទ្ធភាពសាងសង់ផ្ទះវិញ ត្រូវបានអាជ្ញាធរ រួមសហការជាមួយកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងយោធាសឹងរងក្រុងប៉ោយប៉ែត ធ្វើការសាងសង់លំនៅឋានជូនពួកគាត់វិញផងដែរ៕