(កំពង់ឆ្នាំង)៖ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសចូលរួមក្នុងការអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្ត និងជំរុញក្នុងការដាំដុះបន្លែ ដំណាំស្រូវ ដែលនឹងត្រូវចាប់ផ្ដើមបង្កបង្កើនផលនៅដើមខែឧសភា និងចុងខែមេសានេះ ព្រមទាំងការចិញ្ចឹមសត្វ ទើបនៅពេលថ្មីៗនេះ ប្រជាកសិករនៅក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ជាច្រើនគ្រួសារ បានចាប់ផ្ដើមរៃអង្គាសប្រាក់ នៅក្នុងសហគមន៍របស់ពួកគាត់ដើម្បីទិញម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដើម្បីយកមកបូមទឹកពីទន្លេបង្ហូរចូលទៅក្នុងប្រឡាយមេសម្រាប់ទុកបូមបង្ហូរស្រោចស្រព ស្រែប្រាំងដែលនឹងត្រូវចាប់ផ្ដើមបង្កបង្កើនផលពីដើមខែឧសភានេះជាលើកទី២។

ពួកគាត់បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ទាំងទឹកចិត្តរីករាយ ខណៈពួកគាត់អាចធ្វើស្រែប្រាំងបានជាលើកទី២ និងមិនខ្វល់ខ្វាយ ពីកង្វះទឹកបញ្ចូលស្រែរបស់ពួកគាត់ទៀតនោះឡើយ។ ការមានទឹកគ្រប់គ្រាន់សំរាប់ធ្វើស្រែប្រាំងជាលើកទី២នេះ ក៏ដោយសារការខិតខំតស៊ូរបស់ប្រជាកសិករ នៅក្នុងសហគមន៍ និងមានការគាំទ្រពីអាជ្ញាធរដែនដី រួមនឹងក្រសួង មន្ទីរធនធានទឹក និងកសិកម្មផងដែរ។

ប្រជាកសិករនៅតាមវាលស្រែដែលកំពុងបូមទឹកភ្ជួររាស់ ដើម្បីព្រួសពូជស្រូវខាងលើនេះ បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មិននឹកស្មានថា បានធ្វើស្រែប្រាំងបានជាលើកទី២ ដូចរាល់ឆ្នាំនោះទេ ដោយសារឆ្នាំនេះអាកាសធាតុមិនអំណោយផល រួមនិងមានការផ្សព្វផ្សាយពីមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម ដោយឲ្យកសិករទាំងអស់ប្រយ័ត្នប្រយែង ក្នុងការធ្វើស្រែប្រាំងលើកទី២ ក្នុងរដូវប្រាំងឆ្នាំ២០២០នេះ ខ្លាចមិនមានទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់ នាំឲ្យខាតបង់ដល់ប្រជាកសិករ។ ក៏ប៉ុន្តែដោយមានការដឹកនាំល្អ និងព្យាយាមក្នុងការជីកស្តារប្រឡាយមួយចំនួន ដែលគោករាក់បន្ថែម ក៏ដូចជា ការរួមគ្នាទិញប្រេងសំរាប់បូមទឹកទន្លេ ដាក់ក្នុងប្រឡាយមេនោះ ធ្វើឲ្យប្រជាកសិករនៅក្នុងភូមិកោះថ្កូវ បានធ្វើស្រែប្រាំងជាលើកទី២ទៀត ដោយមិនមានការភ័យខ្លាចខ្វះខាតទឹកនោះឡើយ។

ដោយឡែកលោក ជួន ម៉ាប់ ប្រធានសហគមន៍មេទឹកឃុំកោះថ្កូវ បានឲ្យដឹងថា ប្រឡាយមេមួយខ្សែនេះ គឺអាចស្រោចស្រពដីស្រែរបស់ពួកគាត់បានរហូតទៅដល់ជាង ២ពាន់ហិកតា ហើយបច្ចុប្បន្ននេះ ប្រជាកសិករនៅក្នុងភូមិរបស់គាត់ចាប់ផ្ដើមធ្វើជាបណ្ដើរៗហើយ ដោយធ្វើបានផ្ទៃដីប្រមាណជា ៥ទៅ ៦រយហិតាហើយដែរ ជាទម្លាប់ប្រជាកសិករនៅក្នុងឃុំកោះថ្កូវ គឺពួកគាត់តែងធ្វើស្រែប្រាំងក្នុងមួយរដូវ ២ដង ហើយពួកគាត់ទទួលបានទិន្នផលខ្ពស់ ដោយក្នុង១ហិកតាបានផលចាប់ពី ៥ទៅ ៧តោន ដូចនេះពួកគាត់មិនទុកដីអោយនៅទំនេរឡើយ ព្រោះដោយសារទិន្នផលស្រូវជារៀងរាល់ឆ្នាំ បានធ្វើឲ្យពួកគាត់មានលទ្ធភាពសាងសង់ផ្ទះធំទ្រនំខ្ពស់ ទិញម៉ូតូ ឡាន គោយន្ត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក ក៏ដូចជាសម្ភារៈប្រើប្រាស់ផ្សេងៗទៀត បានយ៉ាងងាយស្រួល ជាពិសេសគឺប្រជាកសិករនៅឃុំកោះថ្កូវមិនសូវមានអ្នកចំណាកស្រុកនោះឡើយ។

ដោយឡែកលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកបានបញ្ជាក់ថា ការខិតខំព្យាយាមសហការល្អនៅក្នុងសហគមន៍ ប្រជាកសិករមានលទ្ធភាពទិញម៉ាស៊ីនបូមទឹកធុនធំបានចំនួន ២គ្រឿងទៀត សំរាប់ជួយបូមទឹកដាក់ប្រ ឡាយមេ រួមនឹងមានការជួយជ្រោមជ្រែងពីមន្ទីរធនធានទឹក និងមន្ទីរកសិកម្មផងនោះ បានធ្វើឲ្យទឹកនៅក្នុងប្រឡាយមេរបស់ប្រជាកសិករឃុំកោះថ្កូវ អាចស្រោចស្រពលើផ្ទៃដីប្រមាណជាង ១ពាន់ហិកតា សំរាប់ការធ្វើស្រែប្រាំងលើកទី២នេះ។

ចំណែកម៉ាស៊ីនបូមទឹកធុនធំរបស់មន្ទីរធនធានទឹកជាច្រើនគ្រឿង នៅតែដំណើរការបូមទឹកទន្លេជួយដល់ប្រជាកសិករដដែល។ តែទោះជាយ៉ាងនេះក្តី មន្ទីរធនធានទឹក ក៏នៅតែជូនដំណឹងដល់កសិករ ក្នុងសហគមន៍ ត្រូវតែប្រុងប្រយ័ត្នក្នុងការធ្វើស្រែប្រាំងលើកទី២នេះ និងកុំពង្រីកវិសាលភាពផ្ទៃដីស្រែច្រើនជាងនេះទៀត ព្រោះការបូមទឹកពីទន្លេចូលក្នុងប្រឡាយមេ នៅមានកំរិតនៅឡើយ។

ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានឱ្យដឹងដែរថា ទាក់ទងទៅនឹងការណែនាំរបស់ក្រសួងកសិកម្មក៏ដូចជា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលលោកបានជំរុញក្នុងការដាំដុះនារដូវវស្សា ពិសេសយកចិត្តទុកដាក់ចំពោះការធ្វើស្រែដើមរដូវវស្សានេះ។

លោកក៏បានជំរុញដល់កសិករ និងជ្រើសរើសទីតាំងដែលមានសក្កានុពល ក្នុងការបង្កបង្កើនផលស្រូវនារដូវវស្សាពិសេសនៅក្នុងស្រុកបរិបូណ៌ដែលមានផ្ទៃដីប្រមាណជាង៤ពាន់ហិកតា ហើយក៏មានទំនប់អាចាំង ទំនប់នេះអាចស្រោចស្រពផ្ទៃដីជាង៤ពាន់ហិកតា បានគ្រប់គ្រាន់។

ដោយឡែកនៅស្រុកជលគីរី ក៏មានប្រឡាយមេជាច្រើនខ្សែសម្រាប់បងប្អូនប្រជាកសិករ ដែលមានម៉ាស៊ីនបូមទឹកអាចបូមទឹកពីទន្លេ ទម្លាក់ចូលប្រឡាយមេ យកទៅស្រោចស្រពស្រែ របស់ពួកគាត់បានជាច្រើនហិកតាផងដែរ។

លោកថា លោកក៏កំពុងតែធ្វើការស្រង់ស្ថិតិនូវស្រូវអង្ករនៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះថា តើនៅសល់ស្បៀងប៉ុន្មាន ជាទូទៅនៅតាមរោងម៉ាស៊ីនកិនស្រូវនានាសរុបជាស្រូវនៅសល់ជាង ១១ម៉ឺនតោន អង្ករជាងមួយពាន់តោន ហើយពាក់ព័ន្ធទៅនឹងសត្វបើតាមស្ថិតិលោកថា អាចនៅសល់ច្រើន ធានាដល់ការហូបចុករបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់មិនមានការខ្វះខាតឡើយ៕