(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ជាថ្មីម្ដងទៀត បានបន្ដណែនាំដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងការធ្វើចរាចរណ៍ចេញចូលតំបន់នីមួយៗ និងអនុវត្តតាមអ្វីដែលជាបទបញ្ជា របស់រាជរដ្ឋាភិបាលឲ្យបានម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19។

ក្នុងឱកាសអញ្ជើញប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺ COVID-19 ជូនអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ យើងត្រូវតែគ្រប់គ្រងសភាពការណ៍ ចរាចរណ៍ចេញចូលពីព្រោះបទបញ្ជារបស់រាជរដ្ឋាភិបាល រហូតដល់ថ្ងៃទី១៦ ខែមេសា ដូច្នេះចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៦ យើងនៅបន្ដធ្វើការងាររបស់យើង លើការងារគ្រប់គ្រងសភាពការណ៍ដដែល»

បន្ថែមពីនេះសម្ដេចក្រឡាហោម ស ខេង ក៏បានស្នើ និងក្រើនរំលឹកដល់កម្លាំងនគរបាល នៅតែបន្ដទទួលខុសត្រូវតាមអ្វីដែលធ្លាប់បានធ្វើ សំដៅរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ដោយឡែក សម្រាប់ការងារ អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ មានក្រុមការងារប្រចាំការមួយ ដែលសម្ដេចណែនាំឲ្យក្រុមការងារនេះ ត្រូ វប្រមូលព័ត៌មាន និងផ្ដល់របាយការណ៍ប្រចាំថ្ងៃ ក្រែងមានអ្វីប្រែប្រួលនៅតាមមូលដ្ឋាន។

ពាក់ព័ន្ធជំនួយថវិកា និងសម្ភារ ដែលសប្បុរសជននានាផ្ដល់ជូនរដ្ឋបាលរាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មទប់ស្កាត់ជំងឺ COVID-19 សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាល ទុកលទ្ធភាពឲ្យរដ្ឋបាលរាជធានី-ខេត្ត ជាអ្នកចាត់ចែងប្រើប្រាស់តាមតម្រូវការជាក់ស្ដែង តែសម្ដេចណែនាំឲ្យប្រើប្រាស់ថវិកាទាំងនោះឲ្យចំគោដៅ និងតម្លាភាព ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភាគីម្ចាស់ជំនួយ។

គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបង្កើតក្រុមប្រចាំការ ដើម្បីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺ COVID-19។

យោងតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រុមការងារនេះ មានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាប្រធាន, លោក សុខ ផល រដ្ឋលេខាធិការ និងលោក ប៊ុន ហុន រដ្ឋលេខាធិការ ជាអនុប្រធាន អមដោយសមាជិក ចំនួន១០រូប។

ក្រុមប្រចាំការរបស់ក្រសួងមហាផ្ទៃ ត្រូវប្រចាំការដើម្បីតាមដានព័ត៌មាន និងក្ដាប់សភាពការណ៍នានា អំពីការអនុវត្តបទបញ្ជាលេខ០២ ប.ប ដើម្បីគោរពរាយការណ៍ និងសុំមតិដឹកនាំពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សំដៅដោះស្រាយឆ្លើយតបបញ្ហានានា ក្នុងការអនុវត្តបទបញ្ជាឲ្យបានទាន់ពេលវេលា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលបទបញ្ជាថ្មី ដោយអនុវត្តឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយលុបចោលបំរាមការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ តែទុកបំរាមការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយនៅដដែល។ បំរាមនេះ ចាប់ផ្តើមអនុវត្តពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19៕