(ភ្នំពេញ)៖ ពេលនេះ! មានអ្នកជាប់ឃុំប្រហែលនឹង ៣០ភាគរយប៉ុណ្ណោះ នៃអ្នកជាប់ឃុំទាំងអស់ ជាង១៧ពាន់នាក់ ទូទាំងប្រទេសកម្ពុជា គឺជាទណ្ឌិត ចំណែក៧០ភាគរយទៀត មិនទាន់ទទួលបាន សាលក្រមជាស្ថាពរនៅឡើយទេ ហើយរង់ចាំនីតិវិធីរបស់តុលាការ។ នេះបើតាមការបញ្ជាក់របស់ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

លោក នុត សវនា បានប្រាប់ Fresh News ឱ្យដឹងថា ក្នុងចំណោមអ្នកជាប់ឃុំ ជាង១៧ពាន់នាក់ មាន៧០ភាគរយ ដែលមិនទាន់ក្លាយជា ទណ្ឌិតពេញលេញ ដោយក្នុងនោះមានដូចជា ជនជាប់ចោទ ជនត្រូវចោទ និងពិរុទ្ធជនជាដើម ហើយលោកជំរុញឱ្យតុលាការ ពន្លឿនដល់នីតិវិធី ចាត់ការទៅលើអ្នកជាប់ឃុំទាំងនោះ។

លោកថា «យើងសិក្សាតាមលក្ខណៈវិទ្យាសាស្រ្តវិញ គឺស្ថិតិដែលខ្ញុំបានស្រាវជ្រាវមើលទៅ គឺមានប្រមាណ៣០ភាគរយទេ ចំពោះអ្នកមានសាលក្រមស្ថាពរ នៅក្នុងពន្ធនាគារស្រុកខ្មែរយើង ហើយភាគរយដែលសល់ប៉ុន្មាន គឺយើងបែងចែកជា៣ទៀត គឺជាជនជាប់ចោទ ជនត្រូវចោទ និងពិរុទ្ធជន អញ្ចឹងពួកគាត់ទាំង៣ប្រភេទហ្នឹង អត់ទាន់ទទួលបាន សាលក្រមស្ថាពរនោះទេ អញ្ចឹងគាត់មានអត្រាភាគរយខ្ពស់ពេក ហើយភាពចង្អៀតណែន វាបណ្តាលមកពីអាហ្នឹង»

លោក តាំង ស៊ុនឡាយ ប្រធានតុលាការក្រុងភ្នំពេញ និងលោក សំ ប្រជាមានិត អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបដិសេធ មិនធ្វើអត្ថាធិប្បាយ ចំពោះករណីនេះ។

របាយការណ៍ដែលបង្ហាញដោយ មន្រ្តីអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា រហូតដល់ពេលនេះ ពន្ធនាគារ នៅក្នុងប្រទេសកម្ពុជា បានផ្ទុកចំនួនទណ្ឌិតច្រើនហួសកម្រិត ដែលមានទណ្ឌិតលើសចំនួនកំណត់ជា២៣,៧៣ភាគរយ។ ពន្ធនារគារបច្ចុប្បន្ន បានផ្ទុកអ្នកជាប់ឃុំ ១៧.៨៩៦នាក់ ដែលមានចំនួន លើសកម្រិតកំណត់ ជាង៥ពាន់នាក់ ក្នុងនោះមាននៅរាជធានីភ្នំពេញ (មន្ទីរម១ ម២ និងម៣) ខេត្តស្ទឹងត្រែង ក្រចេះ ព្រះសីហនុ និងខេត្តកំពង់ស្ពឺ ជាដើម។ ការផ្ទុកទណ្ឌិតហួសកម្រិតនេះ ត្រូវបានសង្គមស៊ីវិលវាយតម្លៃថា នឹងបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពនៃការរស់នៅ របស់អ្នកជាប់ឃុំ៕