(​ភ្នំពេញ​)៖ កម្ម​វិធី​ជ្រើសរើស​តារា​បង្ហាញ​ម៉ូដ តំណាង​ឲ្យ​កម្ពុជា ដើម្បី​ទៅ​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ រៀបចំ​ដោយ​ក្រុមហ៊ុន Eco Madia Asia មានឈ្មោះ​ថា​«Face of Cambodia2016» នឹង​ផ្ដល់​ឱកាស​ដល់ តារា​បង្ហាញ​ម៉ូដ​កម្ពុជា​ជំនាន់​ថ្មី បាន​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន នៅលើ​ឆាក​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​កូរ៉េ នា​ខែ​ឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ មានឈ្មោះ​ថា​«Asia Model Festival 2016» ដែល​មាន​តារា​បង្ហាញ​ម៉ូដ មក​ពី​ជាង​២០​ប្រទេស​ក្នុង តំបន់​អាស៊ី ចូលរួម​ប្រកួតប្រជែង​។​

​នៅ​សៀ​ល​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៦​នេះ កម្មវិធី​ «Face of Cambodia2016» បាន​ចុះ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ក្នុង​ដំណាក់​ទី​២ ខណៈ​ដែល​កម្មវិធី​ទាំងមូល ទទួលបាន​បេក្ខជន​-​បេ​ក្ខ​នារី​៣០០​នាក់​ហើយ សម្រាប់​ការចូលរួម​ប្រកួតប្រជែង ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​លក្ខណៈ​អន្តរជាតិ​នេះ​។ ក្រុមការងារ ក៏​ដូច​ជា​តារា​ម៉ូ​ដែល ជាច្រើន​នាក់​បាន​ចុះ​ផ្សព្វផ្សាយ ដោយផ្ទាល់​ដល់​យុវវ័យ តាម​តំបន់​មួយចំនួន រួមមាន កោះ​ពេជ្រ វិមានឯករាជ្យ សួន​កម្សាន្ត​មុខ​ណាហ្គា​វើល និង​តំបន់​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ជាច្រើន​កន្លែង​ទៀត ដោយ​ពួកគេ​បាន​ធ្វើដំណើរ​តាមរយៈ​ម៉ូតូ​ធំ ។

Face of Cambodia2016 គឺ​ជា​កម្មវិធី​ប្រកួតប្រជែង ជ្រើសរើស​កំពូល​តា​រា​បង្ហាញម៉ូដ តំណាង​ប្រទេស​កម្ពុជា ហើយ​បេក្ខជន​-​បេ​ក្ខ​នារី​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ប្រាក់​១​ម៉ឺន​ដុល្លារ និង​មាន​ឱកាស​ចូលរួម​ប្រកួត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ លំដាប់ថ្នាក់​អន្តរជាតិ នៅក្នុង​ប្រទេស​កូរ៉េ ក្នុង​កម្មវិធី Asia Model Festival 2016 ដែល​មាន​ការចូលរួម​ជាង​២០​ប្រទេស ក្នុង​តំបន់​អាស៊ី រួមមាន កូរ៉េខាងត្បូង ចិន ជប៉ុន តៃវ៉ាន់ ឥណ្ឌូនេស៊ី សិង្ហ​បុរី ម៉ាលេស៊ី ឥណ្ឌា ហ្វីលីពីន ហុងកុង និង​បណ្ដា​ប្រទេស ជាច្រើន​ទៀត​។​

​កម្មវិធី Face of Cambodia2016 បាន​ធ្វើឡើង​ក្នុង​គោលបំណង បង្កើន​ចំណេះដឹង និង​យល់ដឹង​ពី​ការ​តុបតែង​ខ្លួន ជាមួយនឹង​ការច្នៃ​ម៉ូដ សម្លៀក​បំពាក់​ប្លែកៗ ទាន់សម័យ ជាពិសេស​កម្មវិធី​នេះ​នឹង​ក្លាយជា វេទិកា​មួយ​ចូលរួម​ចំណែក​លើក​ស្ទួយ អភិវឌ្ឍ​វិស័យ​សិល្បៈ​ខ្មែរ និង​ផ្ដល់​ឱកាស​ដល់​ប្អូនៗ​ជំនាន់​ថ្មី ដែល​ជា​ទំពាំង​ស្នង​ឫស្សី បាន​បញ្ចេញ​នូវ​សមត្ថភាព ទេពកោសល្យ​សិល្បៈ​របស់​ខ្លួន និង​ផ្លាស់ប្ដូរ​បទពិសោធន៍ នៃ​ការដើ​បង្ហាញ​ម៉ូដ និង​ឈាន​ទៅរក កម្មវិធី​លំដាប់ថ្នាក់​អន្តរជាតិ ។​

​សូមបញ្ជាក់​ថា កម្មវិធី «Face of Cambodia2016» នឹង​ចាប់ផ្ដើម​ឡើង​នៅក្នុង​ខែ​មករា ឆ្នាំ​២០១៦​ខាងមុខនេះ ដោយ​មាន​រយៈពេល​១០​សប្ដាហ៍ ហើយ​ការទទួល​ពាក្យ ចូលរួម​ប្រកួត តាំងពី​ពាក់កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៥ មកម្ល៉េះ ខណៈ​កន្លែង​លក់​ពាក្យ និង​ដាក់​ពាក្យ គឺ​នៅក្នុង​ស្ថានីយទូរទស្សន៍ CNC ។ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ គឺមាន​តែ​បេក្ខជន​២​រូប និង​បេ​ក្ខ​នារី​២​រូប ប៉ុណ្ណោះ ដែល​កម្មវិធី​នឹង​ជ្រើសរើស ឲ្យចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍ ​«Asia Model Festival 2016» នៅក្នុង​ប្រទេស​កូរ៉េ នា​ខែ​ឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ ៕​

Face of Cambodia 2016 Coming soon On CNC

Posted by Viseth Real on Wednesday, January 6, 2016