(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ផងនោះ បានក្រើនរំលឹកដល់អ្នកបើកបររថយន្តថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានកំណត់ថា អ្នកបើកបរគ្មានប័ណ្ណបើកបរ និងគ្មានប័ណ្ណ សម្គាល់យានយន្តត្រូវជាប់ពន្ធធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ប្រមាណ ១០ម៉ឺន ទៅ ៨០ម៉ឺនរៀល។

ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានថ្លែងប្រាប់អ្នកព័ត៌មាននៅក្រោយ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែមករា ម្សិលមិញថា «សម្រាប់ការផាកពិន័យអ្នកបើកបររថយន្ត ក្នុងករណីអ្នកបើកបរមិនមានប័ណ្ណបើកបរ (ពាក់មី) គឺត្រូវជាប់ពន្ធធនាគារពី ៦ថ្ងៃដល់ ១ខែ និងពិន័យជាប្រាក់ពី១សែនរៀល ដល់ ៨សែនរៀល។ ចំណែកម្ចាស់រថយន្ត ដែលរថយន្ត របស់ខ្លួនគ្មានប័ណ្ណសម្គាល់ គឺត្រូវផាកពិន័យជាប់ពន្ធនាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យពី ១សែន ដល់ ៨សែនរៀលផងដែរ»។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ចំពោះការធ្វើប័ណ្ណបើកបរម៉ូតូ ដែលជាការតម្រូវតាមច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសសម្រេចលុបចោល ពោលអនុញ្ញាតឲ្យ អ្នកបើកបរម៉ូតូមានកម្លាំងចាប់ពី 125CC ចុះក្រោម មិនចាំបាច់ធ្វើប័ណ្ណបើកបរនោះឡើយ។

ចំណែកប័ណ្ណសម្គាល់ម៉ូតូ ឬ ទោចក្រយានយន្តវិញ នៅតែមានការផាកពិន័យដដែល តែមិនមានទោសទណ្ឌនោះទេ។ ក្នុងករណីប្រជាពលរដ្ឋមិនចង់ប្រើប្រាស់ ប័ណ្ណសម្គាល់យានយន្តច្បាប់ដើម គឺអាចប្រើប្រាស់ច្បាប់ថតចម្លងបានដោយមាន ការបញ្ជាក់ពីអាជ្ញា ធរក្នុងមូលដ្ឋាន។ ការបញ្ជាក់នេះ មានរយៈពេល ០៣ថ្ងៃ ហើយតម្លៃសេវាតែ ១.០០០រៀលប៉ុណ្ណោះ ក្នុងមួយសន្លឹក។

ឧត្តមសេនីយ៍ឯកគៀត ច័ន្ទថារិទ្ធ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីជៀសវាងកុំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕