(ភ្នំពេញ)៖​ រនាំងដែកបែងចែកទ្រូងផ្លូវ ចំនួន៥ផ្ទាំង បានបាក់ខ្ទិចខ្ទីដោយសារបុរសជនជាតិចិនស្រវឹងស្រា បានបើករថយន្តទៅបុកនៅវេលាម៉ោង ១៖២០នាទីរំលងអាធ្រាត្រឈាន​ចូលថ្ងៃទី០៨​​ ខែមករា​ ឆ្នាំ​២០១៦​ ត្រង់ស្តុបបូកគោ តាមបណ្តោយមហាវិថីព្រះ​មនីវង្ស​ ស្ថិតក្នុងសង្កាត់បឹកេងកងទី២ ខណ្ឌចំការមន។

ភ្នាក់ងារ Fresh News បានរាយការណ៌ថានៅម៉ោងខាងលើ គេបានឃើញបុរសជនជាតិចិនដែលស្រវឹនោះបានបើករថយន្តមួយគ្រឿងម៉ាក Toyota Tacoma ពណ៌សស្លាកលេខភ្នំពេញ2AF-8501លើវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ​ រថយន្តបានរេទៅបុករនាំងដែក​បណ្តាលឲ្យ​បាក់អស់៥ផ្ទាំងតែម្តង។

​ក្រោយពីបុកហើយបុរសជនជាតិចិនរូបនោះ មិនបានឈប់រថយន្តទេ គឺព្យាយាមបើករត់បានជាង២គីឡូម៉ែត្រ​ទើបកម្លាំងសមត្ថកិច្ចរបស់​ខណ្ឌចំការមន ដេញចាប់បានទាំងរថយន្ត​និងអ្នកបើកបរ។

បន្ទាប់ពីចាប់បានទាំងអ្នកបើកបរ និងរថយន្តត្រូវ​កម្លាំងសមត្ថកិច្ចបញ្ជួនបន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕