(កោះកុង)៖ បុរសជនជាតិខ្មែរវ័យ ៣៦ឆ្នាំម្នាក់ នៅខេត្តកោះកុង ដែលធ្លាប់មានជំងឺឆ្លងកូវីដ១៩ បានជាសះស្បើយជាធម្មតាវិញហើយ និងត្រូវបានគ្រូពេទ្យ អនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋាន ជួបជុំក្រុមគ្រួសារវិញផងដែរ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ។

បុរសដែលជាសះស្បើយពីជំងឺឆ្លងកូវីដ១៩ បានថ្លែងអំណរគុណដល់ថ្នាក់ដឹនាំខេត្ត និងក្រុមលោកគ្រូពេទ្យថា លោកមានភាពសប្បាយរីករាយណាស់ ដោយមើលឃើញនៅភាពជាក់ស្តែង ដែលអាជ្ញាធរខេត្ត និងក្រុមលោកពេទ្យបង្អែកខេត្តកោះកុង បានធ្វើការព្យាបាលជំងឺកូវីដ១៩ក្នុងខ្លួនគាត់ បានជាសះស្បើយដោយយ៉ាងយកចិត្តទុក្ខដាក់ មិនឲ្យរូបគាត់មានការអាក់អន់ចិត្ត បន្តិចឡើយ។ ហើយក្រុមលោកពេទ្យ បានធ្វើការណែនាំអប់រំដល់គាត់ មិនឲ្យមានការព្រួយបារម្ភអ្វីឡើយ។

បុរសរូបនេះ បានអំពាវនាវថា ដើម្បីការពាជំងឺវីដ១៩នេះ កុំឲ្យរីករាលដាលបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ សូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវអនុវត្តន៍ទៅតាមការផ្សព្វផ្សាយអបរំណែនាំពី ក្រុមគ្រូពេទ្យ និងក្រសួងសុខាភិបាល ដែលធ្វើការផ្សព្វផ្សាយរាល់ថ្ងៃ។ លោកសន្យថា នឹងជួយធ្វើការផ្សព្វផ្សាយបន្ត ដើម្បីឲ្យបងប្អូនយល់កាន់តែច្បាស់ពីបញ្ហាជំងឺឆ្លងកូវីដ១៩នេះ។

បុរសខ្មែររូបនេះ ក៏សូមឲ្យបងប្អូនជនរួមជាតិណា មានបញ្ហាសុខភាពខុសពីប្រក្រតី សូមអញ្ជើញមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព មិនត្រូវគេចវេសឡើយពីព្រោះជំងឺកូវីដ១៩ នេះឡើយ ព្រោះវាអាចចម្លងពីមនុស្សទៅមនុស្សយ៉ាងរហ័ស និងសម្លាប់មនុស្សក៏លឿនដែរ។ ដូច្នេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ហើយអនាម័យជាប់ជានិច្ច ដើម្បីការពារការឆ្លង និងការរីករាលដាល។

លោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា មុននឹងអនុញ្ញាតឲ្យបុរសជាសះស្បើយនេះទៅលំដ្ឋានវិញ គ្រូពេទ្យធ្វើណែនាំឲ្យគាត់ស្នាក់នៅដោយឡែកតែម្នាក់ឯង រយៈពេល១៤ថ្ងៃបន្ត មុនចូលទៅរស់ជាមួយក្រុមគ្រួសារ។ លោកផ្តាំបុរសនោះថា ត្រូវធ្វើការអនាម័យដូចការណែនាំរបស់ក្រុមលោកគ្រូពេទ្យ និងការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច ដើម្បីការពារការរីករាលបន្ត ហើយត្រូវចូលរួមបន្តផ្សព្វផ្សាយដល់បងប្អូនជនរួមជាតិ ឲ្យបានយល់កាន់តែច្បាស់ពីបញ្ហាជំងឺឆ្លងកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន១២០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់ ៧៥នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ ធ្លាក់ចុះមកត្រឹមចំនួន ៤៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕