(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងការអរគុណចំពោះអាជ្ញាធរ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ប្រចាំការអនុវត្តនូវបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។

ការថ្លែងអំណរគុណបែបនេះ របស់លោក ម៉ែន វិបុល បានធ្វើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលោកបានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក ត្រួតពិនិត្យសុខភាព ដែលខេត្តបានរៀបចំនៅសាលាបឋមសិក្សាក្រោលគោ និងទីតាំងព្រំប្រទល់រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែលត្រូវបិទចរាចរណ៍ចេញចូលឆ្លងកាត់ខេត្ត ជាបណ្តោះអាសន្ន។

លោក ម៉ែន វិបុល លោកក៏បានលើកទឹកចិត្ត ឱ្យបន្តពង្រឹងការអនុវត្ត ឱ្យបានកាន់តែម៉ឺងម៉ាត់ថែមទៀត ដែលការខិតខំ និងការលះបង់របស់កងកម្លាំង និងមន្ត្រីរបស់យើងនាពេលនេះ គឺជាប្ដូរមកវិញនូវសុវត្ថិភាពរបស់ជាតិ សុខភាព និងជីវិតរបស់ប្រជាជន ហើយការអនុវត្តនេះសូមរក្សា នូវឥរិយាបថសមរម្យ ប្រកបដោយភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋ។

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវ និងសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការយោគយល់លើចំណាត់ការ ក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង ដើម្បីសុវត្ថិភាពសុខភាព សម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕