(កំពង់ឆ្នាំង)៖ ពលរដ្ឋ ៥នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីត្រូវបានជាប់ក្នុងពន្ធនាគារ អស់រយៈពេលជាងមួយសប្ដាហ៍ កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

ពលរដ្ឋទាំង៥នាក់នេះ គឺជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួររាស់ដីឲ្យគេ ហើយត្រូវបានកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនបញ្ជូនមកតុលាការ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដោយចោទពីបទថា បានឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ និងប្រើប្រាស់គ្រឿងចក្រ ធ្វើការឈូសឆាយ ដោយគ្មានច្បាប់អនុញ្ញាត។

ការដោះលែងពលរដ្ឋទាំង ៥នាក់ ឲ្យមានសេរីភាពឡើងវិញនេះ ត្រូវប្រជាពលរដ្ឋរីករាយ និងសាទរចំពោះការសម្រេចដ៏ត្រឹមត្រូវ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបង្កលក្ខណៈឲ្យពួកគេបានត្រឡប់ ទៅជួបជុំប្រពន្ធកូនរបស់ពួកគេវិញ។

ពិសេសមានឱកាសក្នុងការចូលរួមបង្កបង្កើនផល ស្របទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលលោកកំពុងតែលើកទឹកចិត្តឲ្យប្រជាកសិករជំរុញ ដល់ការបង្កបង្កើនផល ដាំដុះដំណាំផ្សេងៗ នាឱកាសដែលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ក៏ដូចជាក្រុមគ្រួសាររបស់ពលរដ្ឋទាំង ៥នាក់ មិនភ្លេចសុំថ្លែងនូវអំណរគុណដល់ថ្នាក់ដឹកនាំ ក្នុងខេត្ត ពិសេសតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកបានផ្ដល់យុត្តិធម៌ ជូនដល់ពួកគាត់ដែលជាពលរដ្ឋស្លូតត្រង់ នឹងខ្វះខាតនូវចំណេះ ដឹងផ្នែកផ្លូវច្បាប់ បានបង្កផលលំបាក ដល់ស្ថាប័នមានសមត្ថកិច្ចដូចនេះ។

ករណីចាប់ខ្លួនពលរដ្ឋទាំង៥នាក់នេះ លោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ខាងមុខ គណៈកម្មការចម្រុះ ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្ត នឹងចុះទៅពិនិត្យនៅលើស្ថានភាពដីជាក់ស្ដែង ស្ថិតនៅក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ជាទីតាំងដែលប្រជាពលរដ្ឋធ្វើការឈូសឆាយ ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់គ្រឿងចក្រ ៥គ្រឿង និងឃាត់ខ្លួនពលរដ្ឋ ដើម្បីធ្វើរបាយការណ៍ដាក់ជូនទៅលោកអភិបាលខេត្ត។

ជុំវិញករណីខាងលើលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួន ឬ ដោះលែងពលរដ្ឋ៥នាក់ នៅស្រុកកំពង់លែង រួមទាំងគ្រឿងចក្រ ៥គ្រឿង ដែលត្រូវបានកងរាជអាវុធហត្ថ ឃាត់ទុកខាងលើនេះ កន្លងមកលោកពុំបានដឹងនោះទេ ដោយសារតែសមត្ថកិច្ចធ្វើឡើង មិនបានសហការ ជាមួយមន្ត្រីជំនាញ។

លោកបន្ដទៀតថា ខាងជំនាញក៏ពុំបានរាយការណ៍ជូនលោក ហេតុនេះហើយ ទើបលោកបង្កើតគណៈកម្មការចម្រុះមួយ ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្ត ដើម្បីចុះទៅពិនិត្យជាក់ស្ដែង នៅលើទីតាំងដីនោះ និងធ្វើរបាយការណ៍លំអិត ពាក់ព័ន្ធនឹងករណីនេះ៕