(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ នៅរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានបន្តចុះពិនិត្យកម្លាំងឈរជើងតាមគោលដៅ ព្រំប្រទល់រវាងខេត្ត និងខេត្ត ដើម្បីអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល លើទីតាំងចំនួន៣ ក្នុងស្រុកជើងព្រៃ និងស្រុកចំការលើ។

ទីតាំងទាំង៣នេះ រួមមាន ទី១៖ គោលដៅព្រំប្រទល់ រវាងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតាំងគោក ខេត្តកំពង់ធំ, ទី២៖ គោលដៅព្រំប្រទល់រវាងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកតាំងគោក ខេត្តកំពង់ធំ និងទី៣៖ គោលដៅព្រំប្រទល់រវាងស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសបំពេញបេសកកម្មដ៏សំខាន់នេះ លោក អ៊ុន ចាន់ដា បានជួបសំណេះសំណាលជាមួយកងកម្លាំង រក្សាការពារសុវត្ថិភាព និងសម្របសម្រួលប្រចាំគោលដៅ ក៏ដូចជាការផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទី របស់បងប្អូនប្រជាពលរដ្ឋឲ្យបានជាក់លាក់ និងយកវិធានការអប់រំ ឲ្យប្រជាពលរដ្ឋ បានយល់ពីបទបញ្ជរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអាជ្ញាធរ មានសមត្ថកិច្ចអនុវត្តជាបន្ទាន់ ក្នុងគោលបំណងទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់បំផុត ពីប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ៕