(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ធុងបាញ់សម្លាប់មេរោគចំនួន ៣០គ្រឿង និងទឹកថ្នាំសម្លាប់មេរោគ ចំណុះ២៥លីត្រ ចំនួន៥ពីដុង ដែលជាការឧបត្ថម្ភដោយ ក្រុមហ៊ុន GANZBERG ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការប្រគល់ធុង និងថ្នាំបាញ់សម្លាប់មេរោគ នាឱកាសនោះ ធ្វើឡើងក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជាមួយនឹងប្រធានសាខាក្រុមហ៊ុន ganzberg ប្រចាំខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក-ក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានសាខាក្រុមហ៊ុន GANZBERG ប្រចាំខេត្តត្បូងឃ្មុំ ដែលបានឧបត្ថម្ភ ធុងនិងទឹកថ្នាំបាញ់សម្លាប់មេរោគ ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ និងកោតសរសើរ ដល់សប្បុរសជននានា ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនទាំងថវិកា និងសម្ភារ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីវិធានការការពារ និងបង្ការជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ ។

ចំពោះសម្ភារដែលទទួលបានឱកាសនោះ ត្រូវបានលោក ជាម ច័ន្ទសោភ័ណ បែងចែកជូនដល់សាលាស្រុកក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត រួមមាន៖ សាលាស្រុកពញាក្រែក ៣ធុង ស្រុកមេមត់២ធុង ស្រុកត្បូងឃ្មុំ ៣ធុង ស្រុកអូររាំងឪ ២ធុង ស្រុកតំបែរ ២ធុង ស្រុកក្រូចឆ្មារ ២ធុង ក្រុងសួងចំនួន២ធុង ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត១ធុង តំបន់ប្រតិបត្តិការសឹករងខេត្ត១ធុង ស្នងការដ្ឋាននគរបាលខេត្ត១ធុង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត៧ធុង និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ៕