(កំពង់ធំ)៖ ដោយមានកិច្ចសហការល្អជាមួយផ្នែកឯកជនជាដៃគូ និងដើម្បីចូលរួមចំណែកដល់ការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្តេតគ្រុប និងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ បានឧបត្ថម្ភអង្ករចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ដល់វត្ត និងអាស្រមដែលមានការខ្វះខាតខ្លាំងចំនួន ៥៥ នៅក្នុងក្រុង-ស្រុកទាំង៩ នៃខេត្តកំពង់ធំ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

ការឧបត្ថម្ភនេះធ្វើឡើង តាមរយៈលោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ។

លោក ថោង ខុន និងលោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) ដែលបានជួយឧបត្ថមដល់វត្តអារាមទាំងនេះ ហើយលោករដ្ឋមន្ត្រី និងលោកអភិបាលខេត្តក៏បានជូនពរ ដល់ក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) ទទួលបានជោគជ័យក្នុងធុរកិច្ចរបស់ខ្លួន។

សូមជម្រាបថា ក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) ជាក្រុមហ៊ុនចិនដែលបានដាក់ទុន វិនិយោគកសាងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (Prince Manor Resort) នៅខេត្តកណ្តាល និងគម្រោងសាងសង់អចលនទ្រព្យផ្សេងៗទៀតនៅកម្ពុជា៕