(កំពង់ស្ពឺ)៖ នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ លោក ជា សុខនី នាយករងខុទ្ទកាល័យ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅសំណេះ សំណាលកងទ័ពជើងទឹកបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៤៥២នាក់ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងនាមជាសម្ព័ន្ធមេត្រីភាពតាមរយៈលោក ជា សុខនី, លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ។

លោកថា ទោះបីក្នុងកាលៈទេសៈយើងទាំងអស់គ្នាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ លោករដ្ឋមន្រ្តីក៏បានឧបត្ថម្ភដល់បណ្តាកងពល ផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយមរួមមាន៖

*ទី១៖ កងវរសេនាតូចលេខ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៣០នាក់
*ទី២៖ កងវរសេនាតូចលេខ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៦៨នាក់
*ទី៣៖ កងវរសេនាតូចលេខ០១ និងលេខ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៤២នាក់។ ដោយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀលក្នុងម្នាក់ៗ៕